ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលខឿនរួតទី៣ នៃប្រាសាទបាយ័ន្ត តាមរបៀបបុរាណ

42

សៀមរាប ៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយស្ថាប័នJASA ប្រទេសជប៉ុន កំពុងជួសជុលនិងពង្រឹងរចនាសម្ព័ន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្តឡើងវិញ បន្ទាប់ពីពិនិត្យឃើញថារួតទី៣នៃប្រាសាទ មានការទ្រុឌទ្រោមជាច្រើនកន្លែង។

ដំណើរការជួសជួលបានចាប់ផ្ដើមតាំងពីដើមខែមីនា ឆ្នាំ២០២១ មកដល់ពេលនេះ ដោយការងារសម្រេចបាន៦៥ភាគរយ ហើយ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខ។ តាមការបញ្ជាក់របស់លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃការជួសជុលខឿនរួតទី៣នៃប្រាសាទបាយ័ន្ត ឱ្យដឹងថា ការជួសជុលខឿនរួតទី៣នេះ ក្រុមការងារបានយកតាមលំនាំបច្ចេកទេសបុរាណទាំងស្រុង។

លោកបញ្ជាក់ទៀតថា បន្ទាប់ពីរើថ្មភក់ និងថ្មបាយក្រៀមនៅកន្លែងដែលក្រៀកហែកចេញពីគ្នារួចហើយ អ្នកជំនាញបានយកទៅរៀបឡើងវិញតាមលក្ខណៈដើម និងបានធ្វើតេស្តពិនិត្យលើគុណភាពដីរបស់គ្រឹះបុរាណ ព្រមទាំងបានរក្សាដីដែលមានគុណភាពយកមកប្រើឡើងវិញផង។

លោក មុនី ពន្យល់ថា ក្រុមការងារបានបុកបង្ហាប់ដីឥដ្ឋ កម្ទេចថ្មបាយក្រៀម ខ្សាច់ ដីដំបូកកណ្តៀរ កំបោរ នៅតាមស្រទាប់នីមួយៗនៃរចនាសម្ពន្ធរបស់ប្រាសាទ ប្រយោជន៍ដើម្បីឱ្យរួតប្រាសាទ មានគុណភាពអាចទ្រទម្ងន់បានយូរអង្វែង និងបញ្ចៀសការជ្រាបទឹកដែលធ្វើឱ្យខូចខាតដល់គ្រឹះប្រាសាទបន្ថែមទៀត។

រចនាសម្ព័ន្ធខឿននៅរួតទី៣នៃប្រាសាទបាយ័ន្ត រងការខូចខាតដោយសារកត្តាជាច្រើនយ៉ាងដូចជា កត្តាអាកាសធាតុ ដើមឈើ ជាពិសេសកត្តាទឹកបានហូរច្រោះចូលរចនាសម្ព័ន្ធដែលនាំល្បាយខ្សាច់ចេញ បង្កឱ្យមានបញ្ហានៅតាមជ្រុងនិងកែងក្រៀកចេញពីគ្នា ដែលអាចប៉ះពាល់ដល់ខឿនរួតទី៣ ហើយគំរាមកំហែងដល់សំណង់ប្រាសាទទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង