អ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន សង្គមស៊ីវីល បានដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការិនី
ភ្នំពេញ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ឧសភា បានថ្លែងសារលើហ្វេសប៊ុកថា បងប្អូនយើងអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវីលមួយចំនួនផងដែរ បានបញ្ចេញអារម្មណ៍តាមបណ្តាញសង្គមដោយដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការិនី។ សមត្ថកិច្ចនិងតុលាការធ្វើការស៊ើបអង្កេតនិងសម្រេចសេចក្តីក្នុងសំណុំរឿងនេះដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគីវិវាទទាំងពីរ។
លោកជិន ម៉ាលីន បានបញ្ជាក់ថា សូមជូនអាហារគំនិតផ្នែកច្បាប់សម្រាប់ពិចារណាទាំងអស់គ្នាមុនចូលគេង។ រាត្រីសួស្តីមិត្តទាំងអស់គ្នា។
តាំងពីព្រឹកមក ឃើញបងប្អូនយើងអ្នកប្រើប្រាស់បណ្តាញសង្គម អ្នកសារព័ត៌មាន រួមទាំងសង្គមស៊ីវីលមួយចំនួនផងដែរ បានបញ្ចេញអារម្មណ៍តាមបណ្តាញសង្គមដោយដើរតួនាទីជំនួសសមត្ថកិច្ចនិងតុលាការ ធ្វើការវិនិច្ឆ័យកាត់សេចក្តីក្នុងសំណុំរឿងវិវាទរវាងឧកញ៉ានិងពិធីការនី ទាំងមិនបានដឹងច្បាស់ពីអង្គហេតុពិតប្រាកដនៃសំណុំរឿងនេះ ដោយគ្រាន់តែទទួលព័ត៌មាននិងរូបភាពតៗគ្នាពីខាងក្រៅតែប៉ុណ្ណោះ ហើយតុលាការនិងសមត្ថកិច្ចក៏កំពុងធ្វើការស៊ើបអង្កេតនិងដំណើរការនីតិវិធីតាមផ្លូវច្បាប់ក្នុងសំណុំរឿងនេះផងដែរ មិនទាន់ឈានដល់ការសម្រេចសេចក្តីនៅឡើយទេថាអ្នកណាខុសអ្នកណាត្រូវ។
ផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការសន្មតជាមុនថាគ្មានទោសមុនតុលាការសម្រេច យើងគួរទុកការងារនេះជូនសមត្ថកិច្ចនិងតុលាការធ្វើការស៊ើបអង្កេតនិងសម្រេចសេចក្តីក្នុងសំណុំរឿងនេះដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ពិតប្រាកដ ដើម្បីធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ភាគីវិវាទទាំងពីរ ហើយភាគីទាំងពីរនេះក៏បានប្តឹងទៅតុលាការរៀងៗខ្លួនរួចហើយដែរដើម្បីការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ ដោយមានជំនួយផ្នែកច្បាប់ពីមេធាវីទាំងសងខាងផងដែរ។
ក៏ប៉ុន្តែ ក្នុងនាមជាពលរដ្ឋសកម្មនិងឈឺឆ្អាល ស្រឡាញ់យុត្តិធម៌ យើងអាចតាមដាននិងឃ្លាំមើល យ៉ាងយកចិត្តទុកដាក់ នូវដំណើរការនៃការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងនេះបាន៕