ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ៖នឹងបង្រួមតំបន់ក្រហម អោយនៅតូច រហូតតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភានេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩

160

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួម
តំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់ នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូរ ហើយការងារនេះ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្តើម
អនុវត្តនៅថ្ងៃ១៩ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឬសគល់កូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តអោយបានម៉ឺងម៉ាត់បំផុត។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកឃួង ស្រេង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ច
ប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ឧសភានេះ ដើម្បីពិនិត្យ ពិភាក្សានិងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមអោយនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ នៅថ្ងៃ១៩ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ៖កិច្ចប្រជុំនេះធ្វើឡើង ដើម្បី ពិនិត្យ ពិភាក្សា
ទៅលើ ទីតាំងតំបន់ក្រហមទាំងអស់នៅក្នុងរាជធានី
ដើម្បីយើងបង្រួមតំបន់ក្រហមនេះឲ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអាគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ឧសភាខាងមុខនេះ ។
ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួលខុសត្រូវ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជៀសវាង ការនាំជំងឺកូវីដ-១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឲ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។
លោកឃួង ស្រេង អភិបាលរាជធានីក៏បានបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឲ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាព
ប្រជាពលរដ្ឋនិងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។
លោកឃួង ស្រេង បញ្ជាក់ទៀតថា៖ ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ខែឧសភានេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នង
ផ្ទះតាមអគារឬនៅតាមខុនដូ ដើម្បីផ្ដាច់ឲ្យបានឫស
គល់ជំងឺកូវីដ-១៩នេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេស គឺការអនុវត្តបីកុំនិង៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង