ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៏ថា៖ ភ្ញៀវទេសចរសរុបជិត៥០ម៉ឺននាក់ ក្នុងឱកាសពិធី ចម្រើនព្រះជន្ម ព្រះមហាក្សត្រគិតចាប់ពីថ្ងៃ១៤-១៦ ខែឧសភានេះ

225

 

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រី ក្រសួងទេសចរណ៏ បានថ្លែងឲ្យដឹង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ក្នុងឱកា ពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥០ម៉ឺននាក់ ។

លោក ថោង ខុន បានបន្តថា ៖ ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។
គួរជម្រាបថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖ -ខេត្តកំពត១០,៩៤២ នាក់ ។-ខេត្តបាត់ ដំបង ៧,៧១០ នាក់។ -ខេត្តកំពង់ស្ពឺ៥,៩១៣ នាក់ ។ -ខេត្តសៀមរាប ៤,៧៤២ នាក់-ខេត្តកែប ៤,៣០៤នាក់ ។ -ខេត្តកំពង់ចាម ៣,០៩៥នាក់ ។ -ខេត្តព្រះវិហារ ២,០០៣នាក់-ខេត្តព្រះសីហនុ ១,៩៨៤នាក់។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែង បន្តទៀតថា ប្រជាពលរដ្ឋទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល ២ សប្តាហ៍កន្លងមក ភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់។ បណ្តាខេត្តដែលមានអត្រាទាបនៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្តក៏បាន ដើរកម្សាន្តកាន់តែច្រើននៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរដែលទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូចក្នុងចំណោមមិត្តភ័ក្ត ពិសេសក្រុមយុវជន ដែលបានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព។
ដោយ ឡែក ក្រុមហ៊ុនទេសចរណ៍មួយចំនួន ក៏បាននិងកំពុងរៀបចំកញ្ចប់ទស្សនកិច្ច ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់ គោលដៅទេសចរណ៍នៅតាមបណ្តាខេត្តដែល មានអត្រាឆ្លងទាបនៃជំងឺកូវីដ-១៩ផងដែរ។ ខណៈ ម្ចាស់រមណីយដ្ឋានទេសចរណ៍មួយចំនួន ក៏បាននិងកំពុងរៀបចំបើកដំណើរការ ជាបណ្តើរៗឡើងវិញ ដោយបានអនុវត្តយ៉ាងម៉ត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ដូចជា ការបន្តហាមឃាត់ការលក់គ្រឿងស្រវឹង និងការហាមឃាត់ការជួបជុំមនុស្សអ៊ូអរជាដើម ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង