ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនល្អ

122


ភ្នំពេញ៖ ក្រសួងអប់រំយុវជនិងកីឡា នៅល្ងាចថ្ងៃទី២០ខែសីហានេះ បានបញ្ជាក់ថា ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាព មិនប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំ បានឲ្យដឹងថា នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

ក្នុងដំណើរការសំណេរនាថ្ងៃទី១នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមានសរុបចំនួន១ ៧៥២នាក់ ស្រី ៧១០នាក់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃទាំង ០៣ករណី និងនាំសំណៅឯកសារចូលចំនួន០១ករណី ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី និងមាន ០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន ។
បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

ការ​រៀបចំ​ទុក​ដាក់ និង​វេច​ខ្ចប់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ សកម្មភាព​នៃ​ការ​រៀបចំ​វេច​ខ្ចប់ ចុះហត្ថលេខា និង​បិត Sceller នៅ​លើ​កញ្ចប់​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង​ បន្ទាប់​ពី​ដំណើរការ​សំណេរ​នៅ​ថ្ងៃទី១ ក្នុង​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ត្រូវ​បាន​បញ្ចប់ គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ ប្រធាន-អនុប្រធាន​មណ្ឌល ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រម​ទាំង​បាន​យក​ទៅ​ផ្ញើ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​នៅ​សាលា​ខេត្ត​៕


អត្ថបទដែលជាប់ទាក់ទង