ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វឌ្ឍនភាពគម្រោង សាងសង់ផ្លូវជាតិលេខ១០ (បាត់ដំបង – ពោធិ៍សាត់ – កោះកុង) សម្រេចបាន៤៨,៧៧%ហើយ

90

(បាត់ដំបង – ពោធិ៍សាត់ – កោះកុង) ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាព ការងារសាងសង់ ដោយមានការចូល រួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ជាលទ្ធផល ការសាងសង់ផ្លូវនេះ សម្រេចបាន៤៨,៧៧% ហើយគិតត្រឹមពាក់កណ្តាល ខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់ កំពុងបន្តការងារសាងសង់ របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ទោះបីកម្ពុជាកំពុងជួបប្រទះ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ។

សូមបញ្ជាក់ថា៖ ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹម តែផ្តល់អត្ថប្រយោជន៍ក្នុងការ ធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញ អ្នកទេសចរណ៍ដែល ចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះ មានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត។

ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុន សាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់ លើកិច្ចការងារសាងសង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេស ត្រឹមត្រូវដើម្បីធានាការប្រើប្រាស់ បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាន នូវវិធានការរបស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីបញ្ជៀសការឆ្លងជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង