ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ នៅតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត នៅខេត្តព្រះសីហនុ

92

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការអនុវត្តស្តង់ដារសុវត្ថិភាព សម្រាប់ការលក់ដូរ នៅតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំ ដោយបានថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំ បំពេញការងារដោយស្មារតី និងឆន្ទ:ប្រកបដោយការទទួលខុសត្រូវ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា មកដល់ពេលនេះការឆ្លងរាលដាល នៃជំងឺកូវីជ-១៩ ក្នុង «ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុមានសភាពធូរស្រាល បន្តិចហើយ ដោយសារវិធានការនានាត្រូវបានដាក់ចេញ ព្រមទាំងការចូលរួមរអនុវត្តយ៉ាង សស្រាក់សស្រាំពីអ្នកពាក់ព័ន្ធរួមមាន ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្ត រួមទាំងប្រជាពលរដ្ឋមួយចំនួនធំ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យរដ្ឋបាលខេត្តព្រះសីហនុអាច គ្រប់គ្រងស្ថានភាពបានជាបណ្តើរៗ ហើយតួលេខនៃករណីឆ្លងជំងឺកូវីដ-១៩ មានការថយចុះជាបន្តបន្ទាប់។

ប៉ុន្តែទន្ទឹមនឹងនេះ តាមរយៈការដាក់ចេញនូវវិធានការនានា ក្នុងន័យទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏កាចសាហាវនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់ វិស័យសង្គម និងសេដ្ឋកិច្ចទូទៅ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់មុខរបរពាក់ព័ន្ធ នឹងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើងជាទូទៅផងដែរ ក្នុងនោះការលក់ដូរទំនិញរបស់បងប្អូន អាជីវករនៅតាមផ្សារនានានៅក្នុងក្រុងព្រះសីហនុ ត្រូវបានផ្អាកអាជីវកម្មលក់ដូរទាំងស្រុង ព្រោះថាបើយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាព ឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្ត ចូលក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យ
មានការលំបាកគ្រប់គ្រង ស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត។ ដោយហេតុនេះ រដ្ឋបាលខេត្តព្រះសីហនុនៅ បន្តបិទអាជីវកម្មលក់ដូរនៅតាមផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅតាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។

ដើម្បីធានាបានប្រក្រតីភាពនៃជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងឈានទៅស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក៏ដូចជាទម្លាប់ឱ្យប្រជាពលរដ្ឋយើងរស់នៅ តាមបែបគន្លងថ្មី រដ្ឋបាលខេត្ត សូមលើកចិត្តឱ្យបងប្អូនអាជីវករលក់ដូរតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដោយអនុវត្តតាមគោលការណ៍ ណែនាំពីស្តង់ដារសុវត្ថិភាពដែល ដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង