បើកបរម៉ូតូស្កូបពីលឿនដូចព្យុះ រេ ចង្កូតទៅបុករបងថ្ម ដួលបោកក្បាលស្លាប់ ក្នុងថ្លុកឈាម
ភ្នំពេញ៖ បុរសម្នាក់ បានដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម គួរអោយអាសូរ ក្រោយពីជិះម៉ូតូ លឿនដូចព្យុះ ជ្រុលចង្កូតទៅបុករបងថ្មយ៉ាងពេញទំហឹងតែម្នាក់ឯងនោះ។
គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូតិ៍មួយកន្លែង មុខសណ្ឋាគារស្រែលាភ តាមបណ្តោយផ្លូវ១៣២កែងនិងផ្លូវ៦០៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពជនរងគ្រោះឈ្មោះ ម៉ក់ អីហុង ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៨សេ ផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GR-5731 បានធ្វើដំណើរតាមផ្លូវលេខ១៣២ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចផ្លូវកោង ក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករបងថ្មដីឡូតិ៍ប្រជាពលរដ្ឋទុកចោលពេញទំហឹង បណ្តាលឲ្យជនរងគ្រោះបោកក្បាលនិងរបងថ្មស្លាប់ភ្លាមៗនៅនិងកន្លែង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកោសលវិច័យរួច ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕