ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿងឃាតកម្ម វាយសម្លាប់បុរសម្នាក់ នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

71

 

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកជាវ វិបុល សហការជាមួយនឹងកម្លាំងជំនាញ ខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ ករណីឃាតកម្មវាយសម្លាប់បុរសម្នាក់ និងវែកមុខឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗចំនួន២នាក់ ក្រោយសម្លាប់ជនរងគ្រោះរយៈពេលតែ ៧ ម៉ោងប៉ុណ្ណោះ។

ករណីឃាតកម្មនេះ កើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ នៅចំណុចមុខផ្សារដើមថ្កូវ ផ្លូវ៣៣បេតេ ភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបុរសដែលដេកស្លាប់នេះ មានឈ្មោះ ម៉ុក គង្គា រស្មី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបុរសដែលស្លាប់នោះ មានស្នាមរបួសបែកក្បាលពីខាងក្រោយ ឈាមស្រោចជោកជាំពេញខ្លួន និងបាក់ជើងខាងឆ្វេង ហើយនៅក្បែរកន្លែងកើតហេតុ មានបន្សល់ទុកដែកទីប ដងឆ័ត្រមួយផងដែរ។

ដោយផ្អែកលើសាក្សី និងកាម៉េរ៉ាសុវត្ថិភាព ដែលបំពាក់នៅជុំវិញក្បែរកន្លែងកើតហេតុ បានសន្និដ្ឋានជា ករណីឃាតកម្ម ដោយពលរដ្ឋដែលរស់នៅទីនោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែលជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះពួកគាត់បានឮសំឡេងបុរសម្នាក់ ស្រែកឲ្យជួយ ហើយពួកគាត់ បានលួចមើលតាមចន្លោះទ្វារផ្ទះ របស់គាត់ក៏ឃើញជនរងគ្រោះ និងបុរស២នាក់ផ្សេងទៀត បានជិះម៉ូតូកង់៣ ដេញជនរងគ្រោះ ហើយក៏បានប្រតាយប្រតប់គ្នា ខណៈនោះជនសង្ស័យទាំង ២ នាក់ ក៏បានយកដុំថ្មវាយសំពង ទៅលើជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល រួចក៏យកដែកវាយបំបាក់ជើងបន្ថែមទៀត និងបានជិះម៉ូតូកង់៣ កិនពីលើរួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីសមត្ថកិច្ចទទួលបានថា មានករណីឃាតកម្មសម្លាប់មនុស្សរួចមក កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១ បើកការស្រាវជ្រាវ តាមកាម៉េរ៉ាសុវត្ថិភាព និងផ្លាកលេខម៉ូតូ របស់ជនសង្ស័យ ទើបឃាត់ខ្លួនឈ្មោះកែវ យិនភី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់៣ ជាឃាតករ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះ រ៉េត បញ្ញា ហៅអាម៉ក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មើលម៉ូតូ ស្នាក់នៅខណ្ឌទួលគោក។

ជនសង្ស័យត្រូវបានបញ្ជូន ទៅធ្វើការសាកសួបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ តាមចម្លើយសារភាព របស់ជនសង្ស័យទាំង២នាក់ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលពួកគេវាយសម្លាប់ ជនរងគ្រោះរូបនេះ ព្រោះតែពួកគេខឹងជនរងគ្រោះ វាយកញ្ចក់ម៉ូតូកង់៣របស់ខ្លួនបែក ទើបពួកគេខឹងក៏ជិះម៉ូតូកង់៣ ដេញវាយសម្លាប់ជនរងគ្រោះតែម្តងទៅ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង