ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​កូ​វី​ដ​-១៩​នៅ​ក្នុង​រោងចក្រ​ H7 ដាក់​ពង្រាយ​រនាំង​ដែក​​​ និង​ដាក់​ពង្រាយ​កម្លាំង បិទ​ខ្ទប់​ ចំនួន​១៤​គោលដៅ​ ​ម្តុំ​ផ្សារ​ព្រៃ​ទា​

96

 

​ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​នាំ​យក​រនាំង​ដែក​ និង​ដាក់​ពង្រាយ​កម្លាំង​បិទ​ខ្ទប់​ចំនួន​១៤​គោលដៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែឧសភា​ ខណៈ​ជំងឺ​កូ​វី​ដ​១៩​ បាន​ផ្ទុះ​រាលដាល​ក្នុង​រោងចក្រ​ H7​ នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ ដែល​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ហើយ​អ្នក​ពាក់ព័ន្ធ​បាន​កំពុង​បន្ត​យក​សំណាក​ធ្វើតេស្ត​ផង​ដែរ​ ។​

​ការ​ដាក់​រនាំង​ដែក​បិទ​ខ្ទប់​និង​ពង្រាយ​កម្លាំង​ការពារ​នៅ​គោលដៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ រោងចក្រ​ H7​គេ​ឃើញ​មាន​វត្តមាន​ដឹកនាំ​កម្លាំង​ដោយ​លោក​ មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​ និង​លោក​វរសេនីយ៍ឯក​ សែ​ម​ រតនា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ ឬ​ក៏​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រៅ​ធ្វើ​ដំណើរ​ចូល​ក្នុង​តំបន់​នោះ​ទេ​ ដើម្បី​បង្ការ​ទប់ស្កាត់​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ ទៅ​តំបន់​ផ្សេង​ទៀត​ ។​ខណៈ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាសសេចក្ដី​ជូនដំណឹង​ បង្ហាញ​ឱ្យ​ដឹង​ថា​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ នៅ​រាជធានី​ភ្នំពេញ​ រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ ចំនួន​ ២៦០​នាក់​ ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ទាំងនេះ​ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់​ និង​រួសរាន់​ទៅ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ។​

​សូម​បញ្ជាក់​ថា​ រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​ ហាក់បី​មាន​ភាព​ធូរស្បើយ​បន្តិច​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ ក៏​បាន​ប្រកាស​គ្មាន​តំបន់​ក្រហម​ទៀត​នោះ​ទេ​ គឺ​មាន​តែ​តំបន់​លឿងទុំ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ ប្ញ​ស្សី​កែវ​ ខណ្ឌទួលគោក​ ខណ្ឌមានជ័យ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ប៉ុន្តែ​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ក្នុង​សហគមន៍​រាជធានី​ភ្នំពេញ នៅ​តែ​គំរាមកំហែង​នៅឡើយ​នោះ​ទេ​ គ្រូពេទ្យ​នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​ ។​ ស្របជាមួយគ្នានោះ ក្រសួងសុខាភិបាល​ ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ការពារ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នេះ​ឱ្យ​បាន​មុតមាំ​បំផុត​ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង