ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ

549

 

កំពត៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មានថា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ឧសភា ២០២១ មានអ្នកស្លាប់ដោយពុលស្រាចំនួន ១០នាក់ នៅស្រុកកំពង់ត្រាច ខេត្តកំពត ។ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ ជ្រាបថានាព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ ២០២១ ក្រុមឆ្លើយតបបន្ទាន់របស់ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រាច និងមន្ទីរសុខាភិបាលខេត្តកំពត សហការជាមួយ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះអង្កេតស្រាវជ្រាវ ករណីសង្ស័យពុលស្រា នៅភូមិធ្នង់ ឃុំឬស្សីស្រុកខាងកើត និងភូមិ ក្លឹប ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត និងអ្នកជំងឺដែលបានបញ្ជូន មកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ ត្រាច។

តាមរយៈការ ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ ទីកន្លែងកើតហេតុ ហើយនិងការសាកសួរបានរកឃើញថាជនរងគ្រោះ ទី១ បានស្លាប់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយសង្ស័យពុលស្រា ស ពីព្រោះសាកសពនេះបានពិសាស្រា ស ដែលទិញនៅក្នុងភូមិខាងលើ និងបានធ្វើតេស្តរកវីរុសកូវីដ-១៩ អវិជ្ជមាន បន្ទាប់មកអ្នកចូលរួមពិធីបុណ្យសពបុរសនេះបានពិសាស្រា ស និងស្រាថ្នាំ ហើយក៏បានស្លាប់ជាបន្តបន្ទាប់នៅក្នុងភូមិខាងលើនេះចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១នេះសរុបចំនួន ៩នាក់ បន្ថែមទៀត ព្រមទាំងមានអ្នកឈឺសរុបទាំងអស់៥៦នាក់ (ស្រី៨នាក់) ក្នុងនោះស្លាប់១០នាក់(ស្រី៣នាក់) ដោយស្លាប់នៅមន្ទីរពេទ្យចំនួន២នាក់ និងនៅផ្ទះចំនួន៨នាក់។

មកដល់ថ្ងៃទី២៥ ខែឧសភា ល្ងាច អ្នកជំងឺដែលបានចូលសម្រាក នៅមន្ទីរពទ្យបានជាសះស្បើយ និងវិលត្រលប់ទៅផ្ទះវិញអស់ហើយដែរ។

បន្ទាប់ពីការស្រាវជ្រាវ ក្រុមឆ្លើយតបបន្ទាន់ បានដាក់ការសង្ស័យលើការពិសាស្រា ស និងស្រាថ្នាំដោយហេតុថា ករណីទាំងអស់ចាប់ផ្ដើមឡើង ដោយមានរោគសញ្ញាដូចជា ស្រវាំងភ្នែកព្រិលភ្នែកណែនដើមទ្រូង ចុកទ្រូង ថប់ដង្ហើម ត្រជាក់ដៃជើងងុយដេក វិលមុខ ក្អួត រាក ឈឺក្បាលធីងធោង អស់កម្លាំង ទន់ដៃទន់ជើង និង សន្លប់ ហើយក៏បាន យកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយ ស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន៧កន្លែង សម្រាប់ធ្វើការវិភាគ និងបានផ្ញើមកក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍ សុខាភិបាលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួល បានសំណាកស្រា១១សំណាកមាន៦សំណាក ដែលមាន សារធាតុមេតាណុល (Methanol)លើសកម្រិតធំជាង០ ,២ភាគរយ(>០,២% ) ដល់ ១១,៩ភាគរយដែលធ្វើឱ្យពុល ដែលកម្រិតមិន
ពុលនោះមិនត្រូវលើសពី០, ១% ឡើយ។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំ និងណែនាំដល់អ្នកលក់ទាំងបោះដុំ និងរាយ ឲ្យផ្អាកអាជីវកម្មស្រា ស ដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ ពីសមត្ថកិច្ចជំនាញ និងបានអប់រំ និងណែនាំដល់ប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រា ដែលផលិត ឬបិតស្រា មិនបានត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស ។

ជាមួយគ្នានោះដែរ ក៏មានករណីស្លាប់ចំនួន២នាក់ថែមទៀត នៅមន្ទីរពេទ្យបង្អែកល្វាឯម ខេត្តកណ្ដាលទោះបីជាមានការជួយ ជ្រោមជ្រែងយកចិត្តទុកដាក់ ពីគ្រូពេទ្យក៏ដោយ ដោយអ្នកទាំង២មានរោគសញ្ញានៃការពុលស្រាដូចជាគឺចុកពោះ ណែនទ្រូង តឹង កញ្ចឹងក ស្រវាំងភ្នែក ឈឺក្បាលឡេះឡះ និងខ្សោយស្មារតី។ ម្នាក់នៅភូមិ ពោធិ៍ធំ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលដោយចាប់ ផ្តើមពិសាស្រានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយបានស្លាប់នៅពេលរសៀលថ្ងៃដដែលនោះ និងម្នាក់ទៀតនៅភូមិក្តី កណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលដោយចាប់ផ្តើម ពិសាស្រានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ហើយបានស្លាប់នៅ ពេលល្ងាចថ្ងៃដដែលនោះ។ គួរកត់សម្គាល់ថាអ្នកទាំង២ ពិសាស្រា ជាប្រចាំប៉ុន្តែនៅថ្ងៃនេះចាប់ផ្តើមតាំងពីព្រឹកទាំង២នាក់ ។

ពាក់ព័ន្ធនឹងករណីឈឺនិងស្លាប់ខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ ហេតុការណ៍ស្លាប់នៅភូមិទាំង២នៃស្រុក កំពង់ត្រាច ខេត្តកំពត និងករណីស្លាប់នៅស្រុកល្វាឯម ខេត្តកណ្តាល បានកើតឡើងដោយសារ ពួកគាត់បានពិសាស្រាស ឬ ស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផល បានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមកថ្មីនេះគឺពីថ្ងៃទី៨ ដល់ទី១៩ ខែឧសភានេះក៏មានករណ៏ស្លាប់ ដោយសារពុលស្រា១២ករណីរួមមកហើយដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងនៅតែបន្តពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេស ស្រាដែលយកមេតាណុលមកលាយនេះទៀត “។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយ ទទូចដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អនុវត្តដូចខាងក្រោម ៖

– ចូលរួមកុំពិសាស្រា ដែលបិទឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការត្រួតពិនិត្យ ។

– ចំពោះអ្នកប្រកបអាជីវកម្ម ហាមដាច់ខាត កុំយកសារធាតុមេតាណុលមកលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ចំណែក បងប្អូនអាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌរដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និង ទប់ស្កាត់ការលក់ស្រាបិទ ឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំប្រជាពលរដ្ឋជៀសវាង យកសារធាតុ មេតាណុលលាយធ្វើស្រា ស ដែលបង្កឱ្យពុលនិងស្លាប់បាត់បង់ជីវិត។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានរោគសញ្ញានៃការពុលស្រាដូចជាឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម ឬសង្ស័យថាមាការឆ្លងជំងឺដទៃទៀត សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋដែល នៅជិតផ្ទះរបស់លោកអ្នក ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕

អត្ថបទដែលជាប់ទាក់ទង