ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថាន៖ រៀបចំគម្រោង ការលើកកម្ពស់ ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែន ប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គ ប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម

84

ភ្នំពេញ៖ កិច្ចពិភាក្សាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការរៀបចំគម្រោង “ការលើកកម្ពស់ការគ្រប់គ្រងទឹកក្រោមដីឆ្លងដែនប្រកបដោយចីរភាពរវាងតំបន់ទំនាបទន្លេមេគង្គនៃប្រទេសកម្ពុជា និងដែនដីសណ្តរនៃតំបន់មេគង្គវៀតណាម” ហៅកាត់ថា PIF បានប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ តាមរយះប្រព័ន្ធអនឡាញ (Zoom conference Call)។
មន្ដ្រីក្រសួងបរិស្ថានបានឱ្យដឹងថា៖ កិច្ចប្រជុំខាងលើមានការសម្របសម្រួលពីអគ្គនាយក ដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយ អង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO និងមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីជំនាញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
កិច្ចពិគ្រោយោបល់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលដើម្បីឯកសារគម្រោងមានលក្ខណៈពេញលេញគ្រប់ ជ្រុងជ្រោយ ស្របគ្នាជាមួយគោលន យោបាយជាតិ និយុទ្ធសាស្រ្តអភិវឌ្ឍរបស់កម្ពុជា និងធ្វើឱ្យប្រសើរឡើងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានសម្របសម្រួលគម្រោង បានឱ្យដឹងថា គម្រោងបង្កើតឡើង ដើម្បីពង្រឹងនិរន្តរភាពបរិស្ថាននិងសន្តិសុខទឹកក្នុងអាងទន្លេមេគង្គក្រោមដោយផ្តោតជាលើកដំបូងលើការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនិងការប្រើប្រាស់ទឹកក្រោមដីប្រកបដោយនិរន្តរភាពនៃទំនាបទន្លេមេគង្គនឹងដែនដីសណ្តរទន្លេមេគង្គ។
សូមបញ្ជាក់ថា៖ គម្រោង PIF រួមបញ្ចូលនូវសមាសធាតុសំខាន់ៗចំនួន ៥ រួមមាន៖
១ ការវិភាគនិងវាយតម្លៃដោយផ្អែកលើវិទ្យាសាស្ត្ររួមគ្នាសម្រាប់សក្ដានុពលទឹកក្រោមដី(ការហូរចូលនិងទាញយកមកប្រើប្រាស់) និងផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី (ឧ. ត្រី និងដីសើម) និងជីវភាពរស់នៅរបស់ប្រជា ជន។២ ស្វែងរកដំណោះស្រាយតាមរយៈការនុវត្តគម្រោងសាកល្បងសម្រាប់ការគ្រប់គ្រងទឹកក្រោមដីឱ្យមានភាពកាន់តែប្រសើរឡើង។ ៣ រៀបចំយន្តការសហប្រតិបត្តិការគ្រប់គ្រងនិងសហប្រតិបត្តការណ៍ឆ្លងដែន។៤ រៀបចំផែនការយុទ្ធសាស្ត្ររួមនិងកម្មវិធីសកម្មភាពសម្រាប់អនុវត្តរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។៥ និងការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពនៃការចូលរួមការ រួមទាំងការបញ្ជ្រាបយេនឌ័រនិងការងារសម្របសម្រួលនានា៕សំរិត

អត្ថបទដែលជាប់ទាក់ទង