ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រីចេញ ស.ជ.ណឲ្យកីឡាជម្រើសជាតិហាត់ឡើងវិញ

95

ភ្នំពេញ ៖ កាលពីថ្ងៃទី២៤ឧសភា គណៈរដ្ឋមន្ត្រី បានចេញស.ជ.ណ ដែលចុះហត្ថលេខា ដោយឯកឧត្តមអ៊ិន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ដោយអនុញ្ញាតឲ្យក្រុមកីឡា ជម្រើសជាតិបានហ្វឹកហាត់ឡើងវិញ ។

សេចក្ដីសម្រេចនេះ ត្រូវបានផ្ញើជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រជានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) និងផ្ញើជូនឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ។

លិខិតដែលអនុញ្ញាតឲ្យក្រុមជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ តែត្រូវគោរពយ៉ាងម៉ឺងម៉ាត់ដូចតទៅ ៖ ត្រូវបិទទ្វារទីលាន ក្លិបហ្វឹកហាត់ហាម អ្នកក្រៅចេញ ចូលពិសេសអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ វិធានការ៣កុំ ៣ ការពារ ទោះបីកីឡាករ កីឡាការិនីគ្រូបង្វឹកបានចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ ១៩ ចំនួន២លើក រួចហើយក្ដី ។

ត្រួតពិនិត្យកីឡាករ កីឡាការិនីគ្រូបង្វឹក មិនឲ្យចេញក្រៅផ្ទះ ក្រៅពីទៅមកកន្លែងហ្វឹកហាត់និង កន្លែងស្នាក់នៅរួមប៉ុណ្ណោះ ។ ត្រូវមានគ្រូពេទ្យកីឡា តាមដានសុខភាពកីឡាករ កីឡាការិនី គ្រូបង្វឹកជាប្រចាំ ។ មិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកនិងមន្ត្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ចេញចូលទីលាន ក្លិបហ្វឹកហាត់ជាដាច់ខាត ។

អនុញ្ញាតឲ្យប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡា ក្នុងករណីពិសេសគឺ ៖ គ្រូបង្វឹកក្រុមជម្រើសជាតិ ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវ ព្យួរការងារពីអង្គភាព មន្ទីរក្រសួងស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្សរ៍ ដើម្បីមកបង្ហាត់ក្រុមជម្រើសជាតិ តាមកម្មវិធីហ្វឹកហាត់វិទ្យាសាស្ត្រកីឡា៨ម៉ោង ក្នុងមួយថ្ងៃរហូតចប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

កីឡាករ កីឡាការិនី ដែលជាមន្ត្រីរាជការកងកម្លាំង ប្រដាប់អាវុធត្រូវព្យួរការងារ ពីអង្គភាព មន្ទីរ ក្រសួងស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្សរ៍ ដើម្បីហ្វឹកហាត់៨ម៉ោង ក្នុងមួយថ្ងៃរហូតចប់ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

កីឡាករ កីឡាការិនីជម្រើសជាតិ ដែលជាសិស្ស និស្សិត ក្នុងគ្រឹស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបានលើកទឹកចិត្តពិសេសដូចតទៅគឺអនុញ្ញាត ឲ្យធ្វើស្វ័យសិក្សាដោយមិនបាច់ មានវត្តមានជាប្រចាំក្នុងគ្រឹះស្ថានសិក្សា ប៉ុន្ដែអនុញ្ញាតឲ្យប្រឡង និងអាចរៀបចំការប្រឡង
ពិសេសក្នុងករណីចាំបាច់បំផុត ។

រៀបចំយន្ដការបំប៉នការសិក្សាបន្ថែម តាមមធ្យោបាយរបស់គ្រឹះស្ថានសិក្សា ។ អនុញ្ញាតឲ្យកីឡាករ កីឡាការិនី ជម្រើសជាតិជាសិស្ស និស្សិតសិក្សាក្នុងគ្រឹះស្ថានសិក្សា៤ថ្ងៃ (ចន្ទ អង្គារ ពុធ និង ព្រហស្បតិ៍) សុក្រ សៅរ៍ អាទិត្យ ឲ្យបានហ្វឹកហាត់ពេញម៉ោង ដើម្បីរក្សានិរន្តរភាព ភាពគត់មត់នៃគុណផលកីឡា ។

ក្រសួងអប់រំយុវជន និង កីឡាឬ គ្រឹះស្ថានសិក្សា ត្រូវពិនិត្យលទ្ធភាពលើកទឹកចិត្ត ផ្ដល់ពិន្តុប្រឡងជាមុន តាមរយៈការវិនិច្ឆ័យរបស់ក្រសួងអប់រំយុវជន និង កីឡា ឬ គ្រឹះស្ថានសិក្សាសាមី ៕

អត្ថបទដែលជាប់ទាក់ទង