រដ្ឋបាលខេត្តកណ្តាល អនុញ្ញាតបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ក្រុងតាខ្មៅ
ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតបើកដំណើរការឡើងវិញ ចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ តទៅ។
ក្នុងពេលដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ រដ្ឋបាលក្រុងតាខ្មៅ ត្រូវទទួលបន្ទុកអនុវត្ត និងសម្របសម្រួល ការងារចាំបាច់ ដូចជា ៖ ការងារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងបរិវេណផ្សាររដ្ឋទាំងអស់ ត្រួតពិនិត្យ និងសហការជាមួយគណៈកម្មការគ្រប់គ្រង់ផ្សា ដើម្បីគ្រប់គ្រងកន្លែងលក់ម្ហូបអាហារ ហាងទំនិញ ការផ្គត់ផ្គង់ទំនិញ និងអាជីវកម្មដ្ឋានបម្រើឱ្យការលក់ដូរផ្សេងទៀត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ឬការណែនាំរបស់រដ្ឋបាលខេត្ត ។ គណៈកម្មការគ្រប់គ្រងផ្សារ ត្រូវផ្សព្វផ្សាយ និង ណែនាំដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ឱ្យរៀបចំ ខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ព្រមទាំង រៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬដាក់ទឹកអាល់កុល ឬដែល ឱ្យបានច្រើនទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់។
អាជីវករ សន្តិសុខ បុគ្គលិក កម្មករ អតិថិជន និងជនទាំងឡាយ ដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣.ការពារ៣កុំ” របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាចាំបាច់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្ស និងកំណត់ចំនួនអ្នកធ្វើដំណើរចេញ-ចូល ក្នុងបរិវេណផ្សារ ឱ្យបានសមស្រប ដើម្បីធានាបានការអនុវត្តការរក្សាគម្លាតសុវត្ថិភាព និងកិច្ចការអន្តរាគមន៍ចាំបាច់នានា ។ លើកទឹកចិត្ត និងណែនាំដល់បងប្អូនអាជីវករ និងអតិថិជនឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាម ប្រព័ន្ធធនាគារ (ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ ។
កំណត់គោលការណ៍ចាំបាច់ផ្សេងទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណី រកឃើញ ឬ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដ្ឋាន ជាពិសេស ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន រដ្ឋបាលក្រុងតាខ្មៅ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងលក់ដូរទាំងនោះ ជាបណ្តោះអាសន្ន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា ដោយកាត់ផ្តាច់កុំឱ្យមានការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទៅទីតាំង ឬកន្លែងផ្សេងទៀត៕