រួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ ការបោះឆ្នោត២០២២ នឹងមកដល់
នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងគណបក្សនយោបាយចំនួន ១៦ សម្តេចតេជោ បានលើកឡើងថា ការបោះឆ្នោតបានកន្លងហើយ ទុកបញ្ហានោះមួយអន្លើ ហើយយើងអាចចូលរួមកសាងប្រទេសជាតិរបស់យើងជាមួយគ្នា ហើយមិនយូរប៉ុន្មានទេ “ការបោះឆ្នោត២០២២ នឹងមកដល់” ការអញ្ជើញជួបជុំនេះ គឺមិនមែនមកគាំទ្រគោលការណ៍នយោបាយគណបក្សប្រជាជនកម្ពុជានោះទេ “ហើយមិនមែនជាផលប្រយោជន៍របស់រាជរដ្ឋាភិបាលនោះដែរ ប៉ុន្តែជាផលប្រយោជន៍ប្រជាពលរដ្ឋ”។
នៅព្រឹកថ្ងៃអង្គារ៍ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ចំនួន១៦ គណបក្ស ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចតេជោ បានផ្តួចផ្តើមគំនិត និងពន្យល់ពីហេតុផលនៃការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ដែលជាយន្តការចូលរួមឆ្លើយតប និងផលប្រយោជន៍ប្រជាពលរដ្ឋ។ យន្តការនេះអាចហៅកាត់ថា “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមានភារៈកិច្ចដូចខាងក្រោម៖
១)ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល(ធាតុចូល)
២)ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាលមុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអណត្តិ ធ្វេីញាត្តិជូនព្រឹទ្ធសភាតតាំង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
៣)ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
៤)ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។
សំរាប់សមាសភាព និងយន្តការ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះមាន៖
១)សមាសភាពដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទី៦ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី។
២)គណបក្សនីមួយៗមានតំណាង០២រូបដែលជាប្រតិភូ និងតែងតាំង ដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី
៣)ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បាន គោលកាណ៍បន្តវេនមួយខែម្តងតាមលេខរៀង បញ្ជីបោះឆ្នោត។
៤)ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
៥)លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។
ជាមួយគ្នានោះ កិច្ចដំណើរការ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះគឺ៖
១)ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
២)ប្រជុំជាមួយនាយករដ្ឋមន្រ្តី ៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
៣)ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» គឺជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតបនឹងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ ហើយនេះជាការបើកទំព័រប្រវត្តិសាស្ដ្រថ្មីមួយទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាទាំងមូល៕