ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គ្រោងនឹងបញ្ចប់ការងារទាំងស្រុង ក្នុងចុងខែមិថុនា

155

 

ភ្នំពេញ ៖ បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុង ក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។

ក្រសួងសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងរស់នៅអាស្រ័យផលតាម បណ្តោយផ្លូវនេះ នឹងសហការជាមួយក្រសួង ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើង ដល់បរិស្ថានរស់នៅរបស់បងប្អូនមានសោភ័ណភាពស្អាត ដូចជាការដាំដើមរុក្ខជាតិ ឬដាំស្មៅលម្អន្ថែមជាដើម និងសូមអំពាវនាវសុំឱ្យបងប្អូនមេត្តាចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់វង្សប្រកបដោយសោភ័ណភាព សុវត្ថិភាពក្នុងការធ្វើដំណើរ អាចប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិផងដែរ។

គួរកត់សម្គាល់ថា៖ សុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចអគ្គ
មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តម្រូវការក្នុងការដឹកជញ្ជូន មានការកំណើនកើនឡើង រួមមានជាមួយនឹងមធ្យោបាយយានយន្តក៏កាន់តែទំនើប ផ្លូវនេះត្រូវបាន ផ្តោតជាសំខាន់លើគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល និងធ្វើយ៉ាងណាឱ្យផ្លូវនេះមានគុណភាពល្អ ស័ក្តិសមជាមួយបរិបទនៃសង្គមដែល កំពុងតែមានការរីកចម្រើននេះ។

ក្នុងន័យនេះ ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគូរ លក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន ដោយប្រើ ប្រាស់ផ្លូវនេះដើម្បីអាស្រ័យផល ក្នុងនោះមានការត្រៀមលក្ខណៈទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ដើម្បីថែរក្សាគុណភាពផ្លូវឱ្យបានរឹងមាំ ហើយក្រសួងក៏សូមអំពាវនាវសុំឱ្យបងប្អូនចូលរួមទាំងអស់គ្នា កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យផ្លូវឆាប់ខូច ខាតបង់ថវិកាជាតិទៅថ្ងៃក្រោយ ពោលគឺ៖ ពេលផ្លូវខូចទៅ បងប្អូនធ្វើដំណើរមានការលំបាក និងខាតបង់ពេលវេលាថែមទៀតផង។

ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design)មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួន នៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈ ងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សង់ខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើង នៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស ក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមាដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។

លើសពីនេះទៀត ផ្លូវនេះត្រូវបានតុបតែងលម្អ ដោយការដាំដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ដែលមិនត្រឹមតែអាចជួយបន្ថយភាពនឿយហត់របស់អ្នកបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវអារម្មណ៍ស្រស់ស្រាយ និងរីករាយសម្រាប់អ្នកដំណើរផងដែរ ហើយក្នុងនោះក៏មាន ការបំពាក់កាមេរ៉ាល្បឿនចំនួន១៤គ្រឿងផងដែរ តាមបណ្តោយផ្លូវ ដើម្បីក្រើនរំលឹកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ៕

អត្ថបទដែលជាប់ទាក់ទង