កុយរមាសទម្ងន់ជាង១០០គីឡូ តម្លៃដល់ទៅ១២លានដុល្លារចាប់នៅព្រលានយន្តហោះម៉ាឡេស៊ី មុនដឹកទៅវៀតណាម
ប្រទេសម៉ាឡេស៊ី ៖ កុយរមាស មានតម្លៃដល់ទៅ១២លានដុល្លារ ចាប់បាននៅព្រលានយន្តហោះក្រុងគូឡាឡាំពួរ មុននឹង បញ្ជូនទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០សីហា។
លោកអាប់ឌុល កាឌៀរអាប៊ូហាស៊ីម អ្នកទទួលខុសត្រូវផ្នែកការពារសត្វព្រៃម៉ាឡេស៊ី និយាយថា កុយរមាសចំនួន៥០មានទម្ងន់១១៦គីឡូក្រាម រកឃើញកាលពីថ្ងៃ១៣សីហា ក្នុងកេសកាតុង នៅឯព្រលានយន្តហោះ។
កុយរមាសត្រូវប៉ាន់បំផុតនៅវៀតណាម ដោយយកទៅប្រើជាពិសេសក្នុងការផ្សំថ្នាំបុរាណ។ ការរត់ពន្ធកុយរមាសត្រូវបានហាមឃាត់កាលពីឆ្នាំ១៩៧៧ ក្នុងកម្រិតពិភពលោក តាមរយៈអនុសញ្ញាមួយស្ដីពីពាណិជ្ជកម្មអន្តរជាតិនៃពពួកសត្វកម្រ និងពពួកសត្វព្រៃ រងការគំរាមកំហែងផុតពូជ។
ទោះបីយ៉ាងនេះក្ដីពួកព្រានព្រៃបន្តសម្លាប់សត្វរមាស ដើម្បីឆ្លើយតបចំពោះតម្រូវការនៅអាស៊ីអាគ្នេយ៍។ ក្នុងតំបន់នេះនៃពិភពលោកមនុស្សជាច្រើន ចាត់ទុកកុយរមាសថា ជាឱសថដ៏មានប្រសិទ្ធភាពប្រឆាំងជំងឺមហារីក។ កុយរមាសតែ១គីឡូក្រាមអាចមានតម្លៃដល់ទៅច្រើនសិបពាន់ដុល្លារ។
លោកអាប់ឌុល កាឌៀរអាប៊ូហាស៊ីម ពុំប្រាប់ពីប្រភពនៃកុយរមាសទាំងនោះឡើយ ប៉ុន្តែជាទូទៅគេដឹងថា វាពិតជាមកពីអាហ្វ្រិកហើយ។ ម្យ៉ាងទៀតបណ្ដាអ្នកទទួលខុសត្រូវព្រលានយន្តហោះក្រុងគូឡាឡាំពួរ នៅបានរកឃើញឆ្អឹងសត្វព្រៃមួយចំនួនធំ ដែលនោះជាឆ្អឹងខ្លាធំនិងខ្លារខិន។ ក្នុងរឿងនេះពុំទាន់មានការចាប់ខ្លួនមនុស្សណាម្នាក់នៅឡើយ
កាលពីឆ្នាំមុនប្រទេសម៉ាឡេស៊ីបានរឹបអូសយកស្នែងរមាសប្រហែល 3,1 លានដុល្លារពីប្រទេសម៉ូសំប៊ិកតាមរយៈកាតា៕