ដោះលែង អតីតអ្នកយកព័ត៌មាន វិទ្យុអាស៊ីសេរី២នាក់ ឲ្យនៅក្រៅឃុំ
(ភ្នំពេញ)៖ អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាដោះលែងចេញ ពីពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាង សុជាមេត្តា ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង៨ខែមកហើយ ក្រោមបទចោទប្រកាន់ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយដល់ការការពារជាតិ ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៧ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ»។
នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំង២នាក់ នឹងត្រូវដោះលែងឲ្យចេញពីមន្ទីរឃុំឃាំង ក្រោយទទួលបានដីកាបញ្ជាឲ្យដោះលែងពីតុលាការរួចមក។
គួរបញ្ជាក់ផងដែរថា អ្នកយកព័ត៌មានទាំង២រូបនេះ ក្រៅពីបទចោទប្រកាន់រឿងចារកម្មនោះ ពួកគេក៏ត្រូវបានតុលាការចោទប្រកាន់នូវសំណុំរឿងមួយទៀត គឺ «ការផលិតវីដេអូអាសអាភាស» ផងដែរ៕