ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងបាក់ឌុបបានបញ្ចប់ដោយជោគជ័យ, បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​មានចំនួន​៧​ករណី

147


ភ្នំពេញ៖ ​ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់អំពី ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨​ ត្រូវបានបញ្ចប់​ដោយជោគជ័យ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់អ្នកពាក់ព័ន្ធពីគ្រប់ស្ថាប័នទាំងអស់។
សេចក្តីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបញ្ជាក់ថា ការ​ដឹក​ជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ​​បេក្ខជន​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​នីមួយៗ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហើយ​បាន​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​តាម​សាលា​ខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​នៅ​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨។

ដោយ​ឡែក​សន្លឹក​កិច្ចការ​នៅ​ខេត្ត​កំពង់​ស្ពឺ និង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្រោម​ការ​ចុះ​ត្រួតពិនិត្យ​​ផ្ទាល់ ដោយ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។ លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh។

ក្រសួងអប់រំបានបញ្ជាក់ថា ​ដំណើរ​ការ​ប្រឡង​រយៈ​ពេល​ពីរ​ថ្ងៃ​​មកនេះ បេក្ខជន​អវត្តមាន​សរុប​ចំនួន​១៨៩៩​នាក់ ស្រី​៧៤៤​នាក់ ត្រូវជា​១,៦៥​ភាគរយ ​នៃ​ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប។ មុខវិជ្ជា​ប្រឡង​មាន​ចំនួន​​៧​ ចែក​ចេញ​ជា​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម។ ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​មុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ​ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា ដោយឡែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​មុខវិជ្ជា ផែនដី​ និង​បរិស្ថាន​វិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស​ គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា​ និង​អក្សរសាស្ត្រ​ខ្មែរ​។

ដំណើរការ​សំណេរ​​​​ទាំង​ពីរ​ថ្ងៃ ​មាន​ភាព​ល្អ​ប្រសើរ​ជាង​​ឆ្នាំ​កន្លង​ទៅ គណៈមេប្រយោគ​គ្រប់​លំដាប់​ថ្នាក់​ មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ក្នុង​ការ​បំពេញភារកិច្ច ទោះ​បី​​​នៅ​តាម​​​​បណ្ដា​ខេត្ត​មួយ​ចំនួន ​មាន​​​ភ្លៀង​ធ្លាក់​​ខ្លាំង​ក៏ដោយ ​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​ឡើយ។ ទន្ទឹម​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ រួម​មាន​​​អាជ្ញាធរ​ដែនដី អ្នក​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ កង​កម្លាំង​មាន​សមត្ថកិច្ច​ មន្ត្រី​សុខាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។​

បើតាមក្រសួងអប់រំ ​​បេក្ខជន​បាន​គោរព​បទ​បញ្ញត្តិ ​នៃ​ការ​ប្រឡង​យ៉ាង​ល្អ ស្ទើរ​តែ​ពុំ​មាន​នាំ​មក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាម​ឃាត់។ បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​មានចំនួន​៧​ករណី ​ក្នុង​នោះ​ករណី​ដក​ហូត​ទូរស័ព្ទ​មាន​​៥​ករណី​ និង​នាំ​សំណៅ​ឯកសារ​ចូល​មាន​២​ករណី។ គណៈមេប្រយោគ​​ប្រព្រឹត្ត​កំហុស​ឆ្គង​​​ដោយ​ទុក​ជាប់​ខ្លួន ​និង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ ​នៅ​ក្នុង​មណ្ឌល​សំណេរ​ចំនួន​៥​ករណី។ ដោយ​ឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន៦៤​ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​​បឋម ក្នុង​នោះ​មាន​៥​ករណី​ ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន។

ការ​ដឹក​ជញ្ជូន និង​រៀបចំ​ទុកដាក់​សន្លឹក​កិច្ចការ ​​បេក្ខជន​ប្រឡង​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រលប់​ថ្ងៃទី២១ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន​ប្រធាន​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស​ប្រចាំ​រាជធានី​-​ខេត្ត​នីមួយៗ និងដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ដឹក​ជញ្ជូន​មក​រក្សា​ទុក​នៅ​តាម​សាលា​ខេត្ត​នីមួយៗ យ៉ាង​មាន​សុវត្ថិភាព រង់ចាំ​​ដឹក​មក​រក្សាទុក​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ នៅ​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨។

សូមជម្រាបថា លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​ ​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ និង​នៅ​តាម​​​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ព្រមទាំង​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​១១៥.២៦៨នាក់ ស្រី​៥៨.១៥៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ​១៩៦​​​មណ្ឌល​ ក្នុង​​នោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​​សង្គម​មាន​៩៧​មណ្ឌល ត្រូវ​ជា​៤.៦៥៥​​បន្ទប់​ ទូទាំង​ប្រទេស។

សកម្មភាព​នៃ​ការ​រៀបចំ​វេច​ខ្ចប់ ចុះហត្ថលេខា នៅ​លើ​កញ្ចប់​សន្លឹកកិច្ចការ​របស់​បេក្ខជន​នៅ​តាម​មណ្ឌល​ប្រឡង។ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរការសំណេរនៅថ្ងៃទី២ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង៖ ២០ សីហា ២០១៨ ដោយ​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ដោយមានការចូលរួមពីមន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំង​បានយក​ទៅផ្ញើ​នៅ​កន្លែង​ដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។

ចំណែកបរិយាកាស​ទូទៅ​នា​រសៀល​ថ្ងៃ​ទី​២ ​ក្រោយ​ពេល​បញ្ចប់​ដំណើរ​ការ​សំណេរ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា​សម័យ​ប្រឡង​ ៖ ២០ សីហា ២០១៨ ​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិន​មាន​ហេតុ​ការ​ខុស​ប្រក្រតី​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ ។

ចំណែក​បេក្ខជន​ដែល​បាន​ចេញ​ពី​ការ​ប្រឡង​មាន​ទឹក​មុខ​ស្រស់ស្រាយ សប្បាយ​រីករាយ ដែល​បញ្ជាក់​ថា​ដំណើរ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ពិត​ជា​ប្រព្រឹត្ត​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន៕

អត្ថបទដែលជាប់ទាក់ទង