ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរកឃើញ អ្នកបើកបររថយន្តមួយចំនួន ​នៅ​តែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ គ្រឿងញៀន​ និង​គ្មានប័ណ្ណបើកបរ​

75


​ភ្នំពេញ​៖​​ អគ្គស្នងការរងនគរបាលជាតិ បាន​​អំពាវនាវ​ដល់​បណ្តា​ក្រុមហ៊ុន​ដឹង​ជញ្ជូន​អ្នកដំណើរ​ និង​ទំនិញ​ទាំងអស់​ ត្រូវ​រឹត​បន្តឹង​ដល់​អ្នកបើកបរ​របស់​ខ្លួន​បន្ថែម​ទៀត​ ស្របពេលដែលអ្នកបើកបរមួយចំនួន ​នៅ​តែ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ គ្រឿងញៀន​ និង​គ្មានប័ណ្ណបើកបរ​​ខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ​​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ប្រមាណ​១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ​​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បានថ្លែង​ថា​ តាម​ការ​ត្រួតពិនិត្យ​នៅ​រយៈពេល​៦​ខែ​ ដើមឆ្នាំ​២០១៨​នេះ​ នៅ​តែ​ឃើញ​មាន​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​ និង​រថយន្ត​ដឹក​ទំនិញ​ធំៗ ​នៅ​ប្រើប្រាស់​សារធាតុ​ញៀន​ និង​គ្រឿង​ស្រវឹង​នៅ​ពេល​បើកបរ​ដដែល​ ដូច្នេះ​​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​គប្បី​ត្រួតពិនិត្យ​ពួក​គាត់​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កំពុង​កើត​មាន​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ​​។​

​​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន បាន​បន្ត​ទៀត​ថា​ មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ខ្លះ​ បើកបរ​ល្មើសច្បាប់​ ហើយ​បាន​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ប៉ុន្ដែ​បុគ្គល​ទាំងនោះ​ ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ឃាត់ខ្លួន​ ហើយ​ជនល្មើស​ខ្លះ ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់​។​

​នាយ​ឧត្តមសេនីយ៍ បានស្នើ​ដល់​តំណាង​ក្រុមហ៊ុន​ទាំងអស់​ ត្រូវ​រាយការណ៍​ជូន​ថ្នាក់លើ ​ប្រសិនបើ​នៅ​មាន​នគរបាល​ណាមួយ​ដាក់​ខែ​យក​លុយ​ជាមួយ​ក្រុមហ៊ុន​ទាំងនោះ​ ដើម្បី​ជា​ថ្នូរ​មិន​ឆែកឆេរ​ និង​ធ្វើការ​ផាកពិន័យ​ ពេល​ដែល​អ្នកបើកបរ​ទាំងនោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ចរាចរណ៍​នោះ​​។​

បើ​យោង​តាម​របាយការណ៍​ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០១៨​នេះ​ ប្រតិបត្តិការ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ បាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន​៦៥៥.៣៣១​គ្រឿង ក្នុង​នោះ​ ម៉ូតូ​ចំនួន​៥៧​ភាគរយ​។​

របាយការណ៍​បាន​បន្ត​ទៀត​ថា​ យានយន្ត​ល្មើសច្បាប់​មាន​ចំនួន​៩៦.៤៨០​គ្រឿង​ ស្មើនឹង​១៥​ភាគរយ​នៃ​យានយន្ត​សរុប​ ហើយ​ក្នុង​នោះ​៥០,៩៥២​គ្រឿង​ស្មើនឹង​៥៣​ភាគរយ​ ត្រូវ​បាន​ផាកពិន័យ​ដោយ​បាន​ទឹកប្រាក់​ចំនួន ​ជាង​មួយ​ពាន់​ពីរ​រយ​លាន​រៀល​ផង​ដែរ ​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​កន្លង​ទៅ​នេះ​​៕​

អត្ថបទដែលជាប់ទាក់ទង