ពង្រឹងសមត្ថភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល តាមរយៈគម្រោង CPI របស់រដ្ឋាភិបាលអូស្ត្រាលី
ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងប្រាប់ដល់ រដ្ឋាភិបាលអូស្ត្រាលី មន្ត្រីស្ថានទូតអូស្ត្រាលីថា គម្រោងការងារនគរបាល និងសហគមន៍ (CPI) ក្រោយការជួយឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី បានជួយបង្កើន និងពង្រឹងសមត្ថភាព ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងឥរិយាបថ ទំនាក់ទំនងការងារ ជាពិសេសការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី៤ គណៈកម្មការដឹកនាំគម្រោងការងារនគរបាល និងសហគមន៍នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ក្រោយពីអនុវត្តគម្រោងនេះបានផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាល បានល្អប្រសើរច្រើន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ លោកបានប្រសាសន៍បន្តទៀតថា តាមរយៈគម្រោងនេះក៏បានធ្វើឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមការយកចិត្តទុកដាក់ គាំទ្រទាំងសម្ភារ ថវិកាសម្រាប់បម្រើការដល់ការងារមន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងនោះដែរថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រគល់ម៉ូតូ ១គ្រឿង សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសផងដែរ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រដ្ឋាភិបាលអូស្ត្រាលី មន្ត្រីស្ថានទូតអូស្ត្រាលី ដែលបានសម្របសម្រួល និងឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា ដល់គម្រោងនេះផងដែរ និងថ្លែងអំណរគុណដល់ក្រុមការងារ សហការី គម្រោង និងមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលកិច្ចការប៉ុស្តិ៍រដ្ឋបាល ដែលតែងតែខិតខំប្រឹងប្រែងក្នុងការងារអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាព ។
លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា ឆ្នាំទី២ នៃគម្រោងនេះត្រូវបានបញ្ចប់ ហើយគម្រោងបានបន្ត ឆ្នាំទី៣ ដែលមានរយៈពេលមួយឆ្នាំ (ខែកក្កដា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩) ហើយជាឆ្នាំចុងក្រោយនៃគម្រោង ។ ទោះបីជាគម្រោងត្រូវបានបញ្ចប់ ឬក៏នៅបន្តទៀតក៏ដោយ លោកនឹងបន្តនិរន្តភាពការងារនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្តទៀតផងដែរ ព្រោះថាគម្រោងការងារនគរបាល និងសហគមន៍នេះ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ៕