លទ្ធផល កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស អាស៊ាន-ចិន
ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ខែមិថុនានេះ បានសេចក្តីប្រកាសព័ត៌មាន លទ្ធផលទស្សនកិច្ចការងាររបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១។
តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅក្នុងទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៦-៨ ខែមិថុនា ឆ្នាំ២០២១។ ក្នុងឱកាសនៃទស្សនកិច្ចខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦។
១. កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន -ចិន ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ កិច្ចប្រជុំនេះ គឺជាជំនួប ដោយផ្ទាល់លើកដំបូង ដែលអាស៊ានមានជាមួយដៃគូសន្ទនា ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីដើមឆ្នាំមុន។
រដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន បានសម្ដែងការពេញចិត្តចំពោះសមិទ្ធិផលសំខាន់ៗក្នុងរយៈពេល ៣០ ឆ្នាំ ចុងក្រោយនៃទំនាក់ទំនងដៃគូសន្ទនា ដែលគ្របដណ្ដប់លើវិស័យផ្សេងៗ ដែលផ្តល់ផលវិជ្ជមាន ដល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងការពង្រីកវិសាលភាព នៃការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគ។ អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- ចិន ដោយជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ គាំទ្រដល់មជ្ឈភាពអាស៊ានក្នុងដំណើរវិវត្តន និម្មាបនកម្មក្នុងតំបន់ ការគាំទ្រពហុភាគីនិយម និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោកនាពេលបច្ចុប្បន្ន។
ពាក់ព័ន្ធការឆ្លើយតបនជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញផ្នែកសេដ្ឋកិច្ច រដ្ឋមន្ត្រីការបរទេស អាស៊ានបានកោតសរសើរដល់តួនាទីឈានមុខរបស់ចិន ដែលបានចូលរួមចំណែកបន្ថែមទៀត ដើម្បីលើក កម្ពស់ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសមធម៌ និងតម្លៃសមរម្យ។ ដោយរាប់បញ្ចូលទាំង កិច្ចសហប្រតិបត្តិការជាមួយអាស៊ានស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងផលិតវ៉ាក់សាំង។ រដ្ឋមន្ត្រី ការបរទេសអាស៊ាននិងចិន បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយរបស់អាស៊ាន។
កិច្ចប្រជុំបានឯកភាពពិនិត្យលទ្ធភាពក្នុងការស្តារ និងពង្រឹងទំនាក់ទំនងរវាងគ្នាទៅវិញទៅមកក្នុងតំបន់ រួមទាំងជួយសំរួលដល់ការធ្វើដំណើរធុរកិច្ចសំខាន់ៗនៅទូទាំងតំបន់រវាងអាស៊ាន និងចិន ខណៈដែលផ្តល់ អាទិភាពដល់សុវត្ថិភាពសុខភាពសាធារណៈ។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ដើម្បីទាញយក ប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងដើម្បីធានាឱ្យបានការចូលជាធរមាន នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំ ២០២២។ កិច្ចប្រជុំក៏បានឯកភាព ពន្លឿនការផ្លាស់ប្តូរវិស័យឌីជីថលតាមរយៈភាពជាដៃគូអាស៊ាន-ចិន ស្ដីពីសេដ្ឋកិច្ចឌីជីថល ដោយបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងបង្កើតឲ្យមានភាពស៊ីសង្វាក់គ្នារវាងផែនការម ស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិនក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ។ សម្រាប់បណ្ត សមុទ្រចិនខាងត្បូង រដ្ឋមន្ត្រីទាំងអស់បានឯកភាពពន្លឿនការចរចារនៃក្រមប្រតិបត្តិ (COC) តាមរយៈការ ជួបប្រជុំផ្ទាល់ ឬប្រព័ន្ធវីដេអូ ដើម្បីសម្រេច COC ឱ្យបានឆាប់ ប្រកបដោយប្រសិទ្ធភាព ដែលស្របតាម ច្បាប់អន្តរជាតិរួមទាំង 1982 UNCLOS។ ពាក់ព័ន្ធនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ចិនបានអះអាងសាជាថ្មី នូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងតួនាទីនាំមុខក្នុងការជួយដល់មីយ៉ាន់ម៉ាក្នុងដំណើរ ការសន្តិភាពសម្រាប់ការវិលត្រឡប់មករកភាពប្រក្រតីវិញ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន ចិន ក្នុងវិស័យជាច្រើនដែលរួមមានកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ រហូតដល់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ដែលបាននាំមកនូវផលប្រយោជន៍ទៅវិញ ទៅមកជាច្រើន។ ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំងពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ចិនក្នុង
រយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ កម្ពុជាចំពោះការតម្លើងទំនាក់ទំនងអាស៊ាន-ចិនទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះសុឆន្ទៈរបស់ចិន ក្នុងការគាំទ្រដល់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ាន តាមរយៈការផ្តល់ វ៉ាក់សាំងនិងការផ្គត់ផ្គង់សម្ភារៈសុខាភិបាល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការធានានូវលំហូរពាណិជ្ជកម្ម ការវិនិយោគ និងការសម្រួលចូលទីផ្សារដោយរលូន។
ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មក្នុងតំបន់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានកិច្ចខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ការតភ្ជាប់ និងសង្កត់ធ្ងន់លើតម្រូវការចាំបាច់ ក្នុងការអនុវត្តសេចក្តី ប្រកាសរួមអាស៊ាន-ចិន ស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ។
ពាក់ព័ន្ធស្ថានភាពនៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះតួនាទីសកម្មរបស់ ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ហើយបានស្វាគមន៍ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានអះអាងសាជាថ្មីនូវការ ប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តការឯកភាពជាឯកឆន្ទៈប្រាំចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ដោយសង្កត់ធ្ងន់លើទំនុកចិត្តថាវានឹងរួមចំណែកដល់ការវិវត្តប្រកបដោយភាព វិជ្ជមានដែលចាំបាច់ដើម្បីគាំទ្រដល់ការវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។
២. កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន -ចិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ក៏មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជា ប្រយោជន៍រួម ជាពិសេសការរៀបចំប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង វៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះទំនាក់ ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុង វិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស ទាំងពីរ ដែលត្រូវបានកសាងឡើងតាមរយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និង ភាពជាអ្នកជិតខាងល្អ។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្តល់ ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
នៅកម្ពុជា រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្ដែងការពេញចិត្តចំពោះកំណើនគួរឱ្យកត់សម្គាល់នៃទំហំ ពាណិជ្ជកម្មទ្វេភាគី ទោះបីជួបប្រទះនូវបញ្ហាប្រឈមដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដូចជាកិច្ចប្រតិបត្តិការ នៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តាន់ណាម កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ដោយអាជ្ញាធរខេត្ត ព្រៃវែងរបស់កម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាម ដែលនឹងជួយសម្រួលពាណិជ្ជកម្មឆ្លងដែន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បី ជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបាន ឯកភាពដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយ មានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសន ប្រទេសទាំងពីរ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។ ឯកឧត្តម ប្រាក់ សុខុន ក៏បានទទួលការអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ពីសំណាក់ឯកឧត្តម ប៊ូយ ថាញ់សឺន ក្នុងពេលវេលា សមស្របផងដែរ។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំ កិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទស្សនកិច្ចផ្លូវការមក កាន់កម្ពុជា។
៣. កិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១. ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់ត ស៊ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍វេជ្ជសាស្ត និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងនូវការអបអរសាទរយ៉ាងស្មោះសង ថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្ត (១៩២១-២០២១)។ ឯកឧត្តម បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាននូវ សមិទ្ធផលដ៏ធំធេងក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុង ការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។
ឯកឧត្តម វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថានឹងនាំចូលផលិតផលកសិកម្ម បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដួសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគ សម្ភារៈវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់សច្ចាប័នលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាងប្រទេស ទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីរគឺ៖ អនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគម្រោងកម្មវិធីស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្រាប់ឆ្នាំ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការបើកការិយាល័យកុងស៊ុលចិននៅខេត្តព្រះសីហនុ។ នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៦ និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីដុន ប្រាមុតវីណៃ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ៕