ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ នៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ

90

 

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីជូនដំណឹង អំពីការចាត់វិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត។

ក្រសួងមហាផ្ទៃ សូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា ជំងឺកូវីដ-១៩ បាននិងកំពុងឆ្លងចូលក្នុងមណ្ឌលអប់រំកែប្រែ និង ពន្ធនាគាររាជធានី ខេត្តមួយចំនួន តាមរយៈការរកឃើញករណីវិជ្ជមានជម្ងឺនេះលើមន្ត្រីអនុរក្សពន្ធនាគារ និង ជនជាប់ឃុំមួយចំនួន។

ដើម្បីឆ្លើយតបនឹងសភាពការណ៍នេះ ក្រសួងមហាផ្ទៃ សូមធ្វើណែនាំដល់ ឯកន្ធត្តម លោកជំទាវ ចូលរួមផ្ដល់ការគាំទ្រដល់មណ្ឌលអប់រំកែប្រែ ដែលមានទីតាំងស្ថិតក្នុងរាជធានី ខេត្តសាមី និងពន្ធនាគាររាជធានី ខេត្ត ក្នុងការអនុវត្តវិធានការសំខាន់ៗ ដូចខាងក្រោម៖ ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដែលបានរកឃើញករណ៍វិជ្ជមានជំងឺ
កូវីដ-១៩ អភិបាលរាជធានី ខេត្តពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដឹកនាំសម្របសម្រួលជាមួយមន្ទីរសុខាភិបាល និងមន្ទីរ អង្គភាពពាក់ព័ន្ធ ផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ព្រមទាំង ពន្ធនាគារទាំងនោះ ក្នុងការគ្រប់គ្រងចាត់ចែងព្យាបាលអ្នកវិជ្ជមានជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្ត វិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាល បន្ថែមទៀតនូវជំងឺនេះមកលើមន្ត្រីអនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងបង្កើនការរក្សាសន្តិសុខ និង សុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។

ចំពោះមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត ដែលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹង ការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំង នានា ការពាក់ម៉ាស ការលាងសំអាតដៃដោយសាប៊ូ ទឹកអាល់កុល ឬអាល់កុលដែល ការវាស់កំដៅលើមន្ត្រី អនុរក្សពន្ធនាគារ និងជនជាប់ឃុំ ព្រមទាំងត្រួតពិនិត្យសុខភាពអ្នកដែលបានអនុញ្ញាតឱ្យចេញ-ចូលក្នុងពន្ធនាគារ តាមគោលការណ៍កំណត់ សំដៅបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ទាំងនោះ។ ព្រមជាមួយនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់ការរក្សាសន្តិសុខ និងសុវត្ថិភាពនៅតាមមណ្ឌល អប់រំកែប្រែ និងពន្ធនាគារទាំងនោះឱ្យបានល្អ។

ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែ ឬពន្ធនាគារណាមួយ អភិបាល រាជធានី ខេត្ត ត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតប និងត្រូវរាយការណ៍ជាបន្ទាន់មកក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង