ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចម្រុះព្រំដែន​ ឃាត់ខ្លួន​ពលករ​ខ្មែ២០​នាក់​ និង​មេខ្យល់​១​នាក់​ បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅថៃ

55

បន្ទាយ​មាន​ជ័យ​ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយព័ត៌មានថា កងកម្លាំង​នគរបាល​ និង​យោធា​ឈរជើង​យាម​ប្រចាំការ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ប្រុស​ ស្រី​ ចំនួន​២០​នាក់​ និង​មេខ្យល់​១​នាក់​ នៅ​ចំណុច​២​ទីតាំង​ផ្សេង​គ្នា​ គឺ​នៅ​ស្រុក​ម៉ា​ឡៃ​ និង​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ខណៈ​ពួក​គេ​បម្រុង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ថៃ​ ។​

​យោង​តាម​របាយការណ៍​ របស់​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ​ សហការ​ជាមួយ​កម្លាំង​កងពលតូច​លេខ​៥១​ បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន​ ១៥​នាក់​ (​ស្រី​០៨​នាក់​ កុមារ​០២​នាក់​)​ នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ។​ ក្នុង​នោះ​ឃាត់ខ្លួន​អ្នក​នាំ​ផ្លូវ​ ១​នាក់​ ឈ្មោះ​ យ៉ើ​ន​ ណា​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​សង្កែ​ ឃុំ​បឹង​បេង​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ឯក​ សួង​ សៅ​ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ បាន​បញ្ជាក់​ថា​ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ កម្លាំង​បាន​ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ន​របាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​សួរនាំ​ និង​ចាត់វិធានការ​បន្ត​។​

​ដោយឡែក​ នៅ​ស្រុក​ស្វាយចេក​ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ថ្នល់បំបែក​ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ បាន​សហការ​ជាមួយ​កម្លាំងយោធា​៥០៣​ និង​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០២១​ បាន​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ល្បើក​ស្វាយ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ ចំនួន​៥​នាក់​ (​ស្រី​២​នាក់​ ក្នុង​នោះ​កុមារ​តូច​អាយុ​៣​ឆ្នាំ​១​នាក់​)​ បម្រុង​លួច​ ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ និង​សួរនាំ​ កម្លាំង​បាន​បញ្ជូន​ទៅ​ទីសំចត នៅ​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ដើម្បី​ចាត់ការ​បន្ត​ ៕

អត្ថបទដែលជាប់ទាក់ទង