ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះរដ្ឋបាលពិនិត្យ និងផ្សព្វផ្សាយបន្ថែម ចំពោះម្ចាស់បែចិញ្ចឹមត្រី និងអ្នករស់នៅតាមដងទន្លេក្នុងខណ្ឌច្បារអំពៅ ខណះឱសានវាទ នៅសល់តែ២ថ្ងៃទៀត

71

 

ភ្នំពេញ ៖ កម្លាំងគណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងប្រជាការពារជាច្រើននាក់ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជិះអូប័រជាច្រើនគ្រឿង ចុះរដ្ឋបាលពិនិត្យភូមិសាស្ត្រតាមដងទន្លេ និងធ្វើការផ្សព្វផ្សាយបន្ថែមជូនដល់ ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវរុះរើរ ឬចល័តចេញជាដាច់ខាត នៅមុនថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដែលនៅសេសសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ។

តាមការចុះពិនិត្យ និងផ្សព្វផ្សាយព័ត៌មានបន្ថែមខាងលើ ធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ដោយពិនិត្យគិតចាប់ចំណុចដងទន្លេបាសាក់ទល់មុខវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា បន្តទៅកាន់ខាងសង្កាត់ច្បារអំពៅ២ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ដែលជាសុទ្ធតែជាសង្កាត់ពាក់ព័ន្ធនឹងការរស់នៅ និងចិញ្ចឹមត្រីក្នុងបែ នៅលើដងទន្លេ ។

ជាលទ្ធិផល នៃការចុះពិនិត្យឃើញថា ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ មួយចំនួនតូចប៉ុណ្ណោះដែលបានចូលរួមគោរពតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ដោយបានរើរផ្ទះ និងប្រមែប្រមូលអ៉ីវ៉ាន់ចាកចេញបណ្តើរៗហើយ ប៉ុន្តែក្នុងនោះមួយចំនួនធំ ហាក់នៅមិនទាន់មានការចាកចេញឡើយ គឺនៅដដែលដូចសពមួយដង ។

ទន្ទឹមនឹងការមិនទាន់មានការរុះរើ ឬចល័តចេញនោះ ក្រុមអាជ្ញាធរ ក៏បានធ្វើការអំពាវនាវចុងក្រោយ ដល់អ្នកពាក់ព័ន្ធនៅតំបន់ដងទន្លេទាំងអស់ សូមមេត្តារុះរើរ ឬចល័តចេញដោយខ្លួនឯង បើពុំដូច្នោះ នៅថ្ងៃដែលផុតឱសានវាទ កម្លាំងអាជ្ញាធរនឹងចុះរដ្ឋបាលទ្រង់ទ្រាយធំ ធ្វើការរុះរើរ ដោយមិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិនោះឡើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាថ្ងៃផុតឱសានវាទ នៃសេចក្តីជូនដំណឹងរបសស់សាលាខណ្ឌច្បារអំពៅ ដែលបានទុករយះពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ កំណត់អោយ ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ត្រូវរុះរើ ឬចល័តចេញដោយខ្លួនឯង ។ លុះក្រោយផុតកាលកំណត់ហើយនោះ អាជ្ញាធរខណ្ឌ បានសម្រេចពន្យាពេលរហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែល ដែលជាកាលបរិច្ឆេតចុងក្រោយ ក្នុងការចុះរដ្ឋបាលអនុវត្តទ្រង់ទ្រាយធំតែម្តង ដោយមិនមានការលើកលែងឡើយ ។ ក្នុងនោះ ប្រសិនបើមានអ្នករឹងទទឹងមិនសហការជាមួយការអនុវត្ត នឹងមានការអនុវត្តនីតិវិធីច្បាប់ជាក់ជាមិនខាន ។

គួររំលឹកកថា នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌច្បារអំពៅខាងលើ បានបញ្ជាក់អោយដឹងថា ៖ កន្លងទៅ ដោយសារមានជនឱកាសនិយមមួយចំនួន បានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កអោយបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូររាក់ ជាពិសេសការប្រើប្រាសចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើអោយខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន ប៉ះពាល់សោភ័ណ្ឌភាព និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកទន្លេមិនស្អាតផងដែរ ។

សូមបញ្ជាក់ថា បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយទាំងអស់ ចំនួន៣តំបន់ នៅតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ គឺតំបន់ទី១នៅ មុខវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ព្រំប្រទល់ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកច្រើនជាងគេ , តំបន់ទី២ នៅមាត់ទន្លេបាសាក់ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ មានផ្ទះទូកតូចៗជាច្រើនឈប់ចតនៅមាត់ច្រាំងទន្លេ និង តំបន់ទី៣ នៅចំនុចដៃទន្លេមេគង្គក្រោមស្ថិតក្នុងសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ៕

អត្ថបទដែលជាប់ទាក់ទង