ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាស្រុកឱរ៉ាល់ ជិះម៉ូតូបុកគោយន្តកន្ត្រៃ ពីក្រោយស្លាប់នៅហ្នឹងកន្លែងកើតហេតុ

115

កំពង់ស្ពឺ ៖ ប្រធានការិយាល័យច្រកចេញចូលតែមួយ សាលាស្រុកឱរ៉ាល់ បានជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង០៩ នាទី ចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូ០១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីសាលាស្រុកឱរ៉ាល់ ជាប្រធានការិយាល័យច្រកចេញចូលតែមួយ ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុស្រាប់តែទៅបុកគោយន្តកន្ត្រៃ១គ្រឿង ពីក្រោយ ម៉ាកKUBOTA កម្លាំង១៤សេស ដឹកអុសក្រាក់ បើកបរដោយជនមិនស្គាល់អត្តសញាណ (គេចខ្លួន) ខណៈកំពុងបើកបរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅហ្នឹងកន្លែងកើតហេតុ និងម៉ូតូជាប់កន្ទុយរ៉ឺម៉កគោយន្តដឹកអុសក្រាក់ ខូចខាតមួយកំណាត់មុខធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ វាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង២ ត្រូវបានចាប់យកមករក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង