ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារដដែល

126


ភ្នំពេញ៖ តុលាការកំពូល នៅមុននេះបន្ដិចនាវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសសាលដីកាសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារដដែល ដោយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូលបានបន្តជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ របស់លោក កឹម សុខា អតីតប្រធាននៃគណបក្សសង្គ្រោះជាតិ។បើតាមអង្គសេចក្តី សវនាការនេះ គឺធ្វើឡើងដោយសារមេធាវីរបស់លោក កឹម សុខា មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការកំពូល កាលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ដោយបានសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ នឹងតម្រូវឲ្យបន្តឃុំខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារបន្តទៀត ដើម្បីសាកសួរ និងការពារកុំឲ្យមានបទល្មើសថ្មីកើតឡើង។
សេចក្តីសម្រេចរបស់តុលាការកំពូលនេះដែរ គឺសំអាងហេតុថា ករណីលោក កឹម សុខា ជាបទល្មើសឧក្រិដ្ឋ ដែលចាំបាច់ត្រូវឃុំខ្លួនដើម្បីស៊ើបសួរ ឲ្យបានហ្មត់ចត់ត្រឹមត្រូវ។ពាក់ពន្ធ័លើសុំរឿងនេះ ប្រធានចៅក្រុមជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ ធ្លាប់បានប្រកាសក្នុងសម្រង់ន័យដើមដោយយោងលើមូលហេតុថា៖ «លោក កឹម សុខា បានប្រព្រឹត្តបទល្មើស សន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧។ បទល្មើសនេះជាបទឧក្រិដ្ឋ ដូច្នេះការស៊ើបសួរត្រូវហ្មត់ចត់ត្រឹមត្រូវ»។
គួររំឭកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ។ លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ឆ្នាំដល់៣០ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង