សម្ដេចក្រឡាហោម បញ្ជាអោយកោះហៅ ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ មកសាកសួរករណីដោះលែងរថយន្តថៃបង្ករគ្រោះថ្នាក់ចរាចរ
លោកផែង វណ្ណៈ បាននិយាយក្នុងផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២២សីហានេះថា សម្ដេចក្រឡាហោម ស ខេង បញ្ជាអោយកោះហៅ ឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ មកសាកសួរករណីដោះលែងរថយន្តថៃបង្កគ្រោះថ្នាក់ចរាចរ នៅប៉ោយប៉ែត ?
ផេកដដែលបានបន្តថា ប្រភពច្បាស់ការពីនាយនគរបាលជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃបានបង្ហើបអោយដឹងថា បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដឹងលោកឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ អំពីការរំលោភអំណាចក្នុងករណីគ្រោះថ្នាក់ចរាចរនៅក្រងប៉ោយប៉ែតកាលពីពាក់កណ្ដាល ខែ មិថុនា ឆ្នាំ ២០១៨ រួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារបញ្ជាអោយ ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការណ៍ស្រាវជ្រាវចំពោះករណីនេះ ។
ប្រភពបានអោយដឹងទៀតថា ពេលនេះសំណុំរឿង លោកឧត្ដមសេនីយ៍ អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដែលប្រើអំណាចបញ្ជាអោយដោះលែងរថយន្តដឹកទំនិញថៃដោយមិនមានសំណងដល់ជនរងគ្រោះនោះបានមកដល់ការិយាល័យអនុវត្តន៍វិន័យរបស់នាយកដ្ឋានបុគ្គលិកហើយ ។
ទង្វើរបស់លោកឧត្ដមសេនីយ៍ អ៊ុំ សុផល បង្ករអោយមានការរឹះគន់យ៉ាងកក្រើក Facebook ព្រោះថា ពេលមានករណីគ្រោះថ្នាក់ចរាចរ កើតឡើងលោកមិនដោះស្រាយតាមច្បាប់ តាមជំនាញ បែជាបញ្ជាអោយដោះលែងរថយន្តពាក់ព័ន្ធអោយទៅបាត់ ហើយសូម្បីតែប្លង់កើតហេតុក៏មិនបានគូសវាស់វែង និងកសាងសំណុំឯកសារអ្វីទាំងអស់ ។
លោកផែង វណ្ណៈ បានបន្តថា យើងរង់ចាំមើលតើលោកឧត្ដមសេនីយ៍ ដ៏មានរឹទ្ធិអំណាចប្រចាំអាណាចក្រជាយដែនរូបនេះនឹងទទួលវិន័យបែបណា នៅពេលការស៊ើបអង្កេតរបស់ក្រសួងមហាផ្ទៃ បញ្ជប់ការស្រាវជ្រាវ ។ សង្ឃឹមថា ជនរងគ្រោះ នឹងទទលបានយុត្តិធម៌ឆាប់ៗនេះ ៕