នគរបាលខណ្ឌដង្កោឃាត់ខ្លួន ជនសង្ស័យ២នាក់ជំនាញកាច់សោរកម៉ូតូ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការល្បាតក្នុងភូមិសាស្រ្ត ដើម្បីការសុវត្ថិភាពជូនប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើការឆែកឆេររកឃើញសម្ភារៈ សម្រាប់កាច់សោរកម៉ូតូមួយចំនួន។
កាលពីវេលាម៉ោង៤នឹង៤០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខក្រុមហ៊ុនក្រឡុងស៊ីម៉ងត៍ ផ្លូវ៥០ម៉ែត្រ នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ទី១ ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។
សមត្ថកិច្ចធ្វើការដកហូតបានរួមមាន ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន២ , ២/សោរខ្សៀលេខ៨ចំនួន២, ៣/ប័ណ្ណសម្គាល់យានយន្តចំនួន៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន១សន្លឹក , ឈ្មោះ វី សីលាចំនួន ១សន្លឹក , ឈ្មោះ ឯម បុល ចំនួន១សន្លឹក) , ៤/ផ្លាកលេខម៉ូតូចំនួន៣សន្លឹក (លេខភ្នំពេញ1HT-0027 ចំនួន១ , ផ្លាកលេខភ្នំពេញ1GD-2078 ចំនួន១ , លេខភ្នំពេញ 1IO-1256 ចំនួន១) , ៥/វិទ្យុទាក់ទងម៉ាក Motorola GP300 ចំនួន១គ្រឿង , ៦/ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 មានលេខតួ និងលេខម៉ាស៊ីន5418516 ចំនួន១គ្រឿង , ៧/សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោរដោះម៉ូតូមួយចំនួន។
បើតាមសម្ដីលោកវរសេនីយ៍ឯក ជឹម សុីមថា បានឲ្យដឹងថា មុនពេលកើតហេតុ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូលក្រុមហ៊ុនក្រឡុងស៊ីម៉ងត៍ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ កំពុងជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HL-0625 នៅលើផ្លូវ៥០ម៉ែត្រ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈប្រព្រឹត្តបទល្មើសមួយចំនួន មានដូចជា ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន២ , ២/សោរខ្សៀលេខ៨ចំនួន២ នៅក្រោមកែបម៉ូតូម៉ាកខាងលើរបស់ជនសង្ស័យ រួចសមត្ថកិច្ចយើង ក៏បានឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
បន្ទាប់ពីសាកសួរសមត្ថកិច្ច បាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចបានរកឃើញវត្ថុតាង ពាក់ព័ន្ធបទល្មើសមួយចំនួនបន្ថែមទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមវត្ថុតាងសមត្ថកិច្ច កំពុងសាកសួរបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕