ស្លាប់ម្នាក់ របួស៤នាក់ ក្នុងគ្រោះថ្នាក់រថយន្តដឹកទំនិញ បុករថយន្តកាមរី ចំពាក់កណ្តាល ពេលឆ្លងស្តុប
ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្លាប់គៀបនៅក្នុងរថយន្ត និង៤នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តឆ្លងស្តុប ត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនLMH បើកមកបុកចំពាក់កណ្តាលរថយន្តកាមរី ពេញទំហឹងរួចអូសទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវណតព្រីតកែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2-AA 8975 បើកបរជាលក្ខណៈគ្រួសារនៅក្នុងរថយន្ត៥នាក់មានស្រីនិងប្រុសបាន ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវបំបែកជា៤ ឆ្លងស្តុបមិនប្រយ័ត្ន ក៏ត្រូវរថយន្តដឹកទំនិញធុនធំមួយគ្រឿងទៀត ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ ព្រះសីហនុ3A 2426 ធ្វើដំណើរតាមបណ្តោយផ្លូវណតព្រីត ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ទៅបុកចំពាក់កណ្តាលរថយន្តកាមរីបាឡែន ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាលស្រ្តី២នាក់ និងបុរស២នាក់ ចំណែកឯស្រ្តីម្នាក់ទៀត បានស្លាប់គៀបនៅក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចជួសគាស់យកសពចេញ ពីក្នុងរថយន្តយ៉ាងអាណោចអាធ័ម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចខាងជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅខាងចរាចណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕