អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រិតបត្តិការជាមួយកម្ពុជាបន្ថែមទៀត ទោះបីបានបញ្ចេញប្រតិកម្មរឿងនយោបាយ
ភ្នំពេញ ៖ លោក ម៉ាក ហ្វីល អនុរដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត បើទោះបីជាអង់គ្លេសបានបញ្ចេញប្រតិកម្មមួយចំនួនជុំ វិញស្ថានភាពនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដាកន្លងទៅ នេះក៏ដោយ។
ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅរសៀលថ្ងៃទី២២ សីហានេះ លោក ម៉ាក ហ្វីល បានគូសបញ្ជាក់ថា អង់គ្លេស បន្តមើលឆ្ពោះទៅអនាគតចំពោះទំនាក់ទំនងរវាងអង់គ្លេស និងកម្ពុជា នឹងខិតខំពង្រីកទំនាក់ ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ក្នុងនោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានអរគុណចំពោះការគិតគូរបស់អង់គ្លេសក្នុង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយសម្តេចសង្ឃឹមថា កម្ពុជា និងអង់គ្លេស នឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារជាមួយគ្នាបន្ថែមលើវិស័យផ្សេងៗជាច្រើន។
ក្នុងជំនួបនេះដែរ ភាគីអង់គ្លេសបានសន្យាក្នុងការផ្តល់បន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអង់គ្លេស ដែលនេះគឺជាការរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជា នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ។
ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេស និងជឿជាក់ថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោក Mark Field ពិតជាពង្រឹងបន្ថែមទៀត ដល់ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេស។
បន្ថែមពីនេះ អនុរដ្ឋមន្ដ្រីក្រសួងការបរទេសចក្រភពអង់គ្លេស ក៏បានលើកឡើង ពីការអញ្ជើញសម្ដេចក្រឡាហោម ស ខេង ទៅចូលរួមសន្និសីទ ស្ដីពីការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ នៅខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដែលសន្និសីទនេះពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនមែនពាក់ព័ន្ធលើសត្វព្រៃនោះទេ ប៉ុន្ដែបណ្ដាញឧក្រិដ្ឋជន គឺធ្វើសកម្មជនផ្សេងៗ ដូចជាឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ជាដើម ដែលមានលក្ខណៈអង្គការចាត់តាំង។
បើតាមលោក Mark Field វត្តមានរបស់កម្ពុជាក្នុងសន្និសីទនោះ គឺជាការចែករំលែកបទពិសោធន៍របស់កម្ពុជាដែលមានកន្លងមក ក៏ដូចជាទទួលយកនូវបទពិសោធន៍ផ្សេងៗពីសកលលោក ដើម្បីធ្វើយ៉ាងណារួមគ្នាប្រឆាំងនូវបទល្មើសជួញដូរសត្វព្រៃ និងបទល្មើសពាក់ព័ន្ធផ្សេងទៀត ដែលកើតចេញពីការជួញដូរសត្វព្រៃនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរនូវគំនិតផ្ដួចផ្ដើមនេះ ដែលសម្ដេចចាត់ទុកថា សន្និសីទនេះមិនត្រឹមតែអាចជួយដល់កម្ពុជាក្នុងការអភិរក្ស នូវធនធានសត្វកម្រនោះទេ ប៉ុន្ដែរួមចំណែកដល់ការអភិវឌ្ឍធនធានព្រៃឈើ និងធ្វើឲ្យបរិស្ថានល្អប្រសើរផងដែរ៕