កម្ពុជា អរគុណចំពោះថៃ ជួយសម្រួលដល់ពលករកម្ពុជា ឲ្យមានភាពល្អប្រសើរជាងមុន
ភ្នំពេញ ៖ សម្តេចក្រឡាហោម បានថ្លែងអំណរ អគុណចំពោះភាគីថៃ ដែលបានយកចិត្តទុកដាក់ ជួយសម្រួលដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យមានភាពល្អប្រសើរជាងមុន ខណៈដែលពលករខ្លះ នៅតែធ្វើការមិនទាន់ ស្របច្បាប់នៅឡើយ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងកិច្ចជំនួបជាមួយលោក Panyarak poolthup ឯកអគ្គរាជទូតថៃ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសថៃគឺជាមិត្តល្អ និងជាប្រទេសភូមិផង របងតែមួយជាមួយកម្ពុជា ហើយក៏បានជួយដល់ពលករកម្ពុជា ជាច្រើនឲ្យមានភាពល្អ ប្រសើជាងមុនផងដែរ។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានសម្តែងការអបអរសាទរ ចំពោះអាជ្ញាធរនៃប្រទេសទាំងពីរ ដែលបានខិតខំទប់ស្កាត់ ពលរដ្ឋខ្មែរ ដែលបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Panyarak poolthupបានលើកឡើងថាប្រទេសថៃ គឺជាមិត្តដ៏ល្អ ជាមួយកម្ពុជាហើយថៃ នៅតែបន្តពង្រឹងកិច្ចសហប្រតបិត្តការ ជាមួយកម្ពុជាគ្រប់ ពេលវេលា ជាពិសេសគឺដើម្បីផលប្រយោជន៍ ចំពោះប្រជាជននៃប្រទេសទាំងពីរតែម្តង ៕