ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលម្នាក់ ជិះម៉ូតូលឿនបុករ៉ឺម៉កពីក្រោយ ដួលបែកមុខ រងរបួសធ្ងន់

72

 

ភ្នំពេញ ÷ មន្រ្តីនគរបាលម្នាក់ ជិះម៉ូតូ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករ៉ឺម៉កពីក្រោយ ដែលកំពុងឈប់នៅតាមផ្លូវបណ្តាល ឲ្យដួលផ្កាប់មុខ ឈាមស្រោចពេញថ្នល់រងរបួសធ្ងន់ ចំណែកឯរ៉ឺម៉ក បានជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៣និង ៥០នាទីទៀបភ្លឺថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចជាប់នឹងផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុ សុខ សុវណ្ណាភេទប្រុស អាយុ២០ឆ្នាំជាង មានតួនាទីជាមន្រ្តីនគរបាល អគ្គស្នងការនគរបាលជាតិ មានទីលំនៅ ក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំគោលដៅ ស្ពានអាកាសផ្សារដីហុយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករ៉ឺម៉កមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ជាប់ផ្លូវរថយន្តភ្លើង ស្រាប់តែមានបុរសម្នាក់ ជាមន្រ្តីនគរបាលបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០២១ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1-IE 3163 ធ្វើដំណើរពីក្រោយ ស្របទិសមកបុកពីក្រោយរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យដួលផ្កាប់មុខ បែកឈាមពេញខ្លួន។ ចំណែកម៉ូតូជនរងគ្រោះវិញ រងការខូចខាតបាក់ក ខាងមុខទាំងស្រុង។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកពិនិត្យរួចធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំក្រុមគ្រួសារជនរងគ្រោះទៅទទួលវិញ៕

អត្ថបទដែលជាប់ទាក់ទង