ការគ្រប់គ្រងនិងញែកសំរាម តាមប្រភេទបានត្រឹមត្រូវ បង្កើនការកែច្នៃ នាំឱ្យសំណល់សំរាម ដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួច
«ការគ្រប់គ្រងនិងញែកសំរាមតាមប្រភេទបានត្រឹមត្រូវ ព្រមទាំងបង្កើនការកែច្នៃឱ្យបានច្រើនអស់លទ្ធភាព នោះសំណល់សំរាមដែលបោះចោលលើទីលាននឹងមានបរិមាណតិចតួចប៉ុណ្ណោះ»។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងកម្មវិធីប្រគល់និងទទួលទ្រុងសំណាញ់ធ្វើពីដែកសម្រាប់ ដាក់សំរាមសំណល់រឹងជូនរដ្ឋបាលខេត្តកំពត ដែលជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលយើងត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកបដោយគ្រោះថ្នាក់ ប្រសិនបើយើងមិនគ្រប់គ្រងបានល្អ ព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ទ្រុងសម្រាប់ដាក់សំណល់ប្លាស្ទិក ដែលក្រុមហ៊ុនកូកាកូឡាផ្តល់ ជូនរដ្ឋបាលខេត្តកំពតតាមរយៈក្រសួងបរិស្ថាននេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុង ការចូលរួមគ្រប់ គ្រងសំណល់ប្លាស្ទិក មិនឱ្យបោះចោលបែបអនាធិបតេយ្យ និងហូរចូលសមុទ្រ។ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនកូកាកូឡាដែលតែងតែ ចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរដែនដីក្នុងការសម្អាតអនាម័យ បរិស្ថានតាមរយៈការផ្តល់ធុងសំរាម និងសកម្មភាពផ្សេងទៀតដែលមានមេត្រីភាពបរិស្ថាន។ «នេះគឺជាការចូលរួមទទួលខុសត្រូវ របស់ក្រុមហ៊ុនកូកាកូឡាលើវិស័យ បរិស្ថាន»។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានចាត់ទុកទ្រុង ដាក់សំរាមដែលផ្ដល់ដោយក្រុមហ៊ុនកូកាកូឡានា ពេលនេះគឺជាដៃគូសហការមួយ យ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តកំពត ក្នុងការប្រមូល និងគ្រប់គ្រងសំរាមសំណល់រឹងក្នុងទីក្រុងកំពតឲ្យបាន កាន់តែល្អប្រសើរឡើងថែមទៀត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងដូច្នេះ មុននឹងបន្តថា៖«ការគ្រប់គ្រងសំណល់សំរាម គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាម តាមប្រភេទច្បាស់លាស់ និងការជំរុញលើការកែច្នៃឱ្យអស់លទ្ធភាព នឹងចូលរួមកាត់បន្ថយសំណល់ សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញ ផ្នែកសេដ្ឋកិច្ចថែមទៀតផង»។ ឯកឧត្តមបានថ្លែងថាបច្ចុប្បន្ននេះ បរិមាណសំរាមចន្លោះពី ៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ។ ឯកឧត្តមបានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន និងគុណភាពបរិស្ថានសម្រាប់ ផាសុកភាពរស់នៅរបស់ពលរដ្ឋ ក្រសួងបរិស្ថានតែងតែបាន ជួយឧបត្ថម្ភគាំពារទាំងស្មារតីសម្ភារៈ បច្ចេកទេសដល់រដ្ឋបាលខេត្ត ក្នុងនោះរួមទាំងខេត្តកំពតផងដែរ។
គួរបញ្ជាក់ថាទ្រុងសំណាញ់ ធ្វើពីដែកសំរាប់ដាក់សំរាមសំណល់រឹង ដែលមានទំហំ៤ម៉ែត្រគុណនឹង២,៥ម៉ែត្រ និងមានកម្ពស់១,៤ម៉ែត្រ ចំនួន១៦ ទ្រុង ក្រោមជំនួយ ឧបត្ថម្ភរបស់ក្រុមហ៊ុនកូកាកូឡាតាមរយៈក្រសួងបរិស្ថាន ត្រូវបានប្រគល់ជូន ដល់រដ្ឋបាលខេត្តកំពត ដើម្បីដាក់ពង្រាយតាមទីសាធារណៈ និងទីប្រជុំជនផ្សារក្នុងក្រុង និងស្រុកទាំង ៨ក្នុងខេត្តកំពត។ ការប្រគល់នេះ បានធ្វើឡើង នៅសួនច្បារមាត់ព្រែក ក្នុងសង្កាត់កំពង់កណ្ដាល ក្រោមវត្តមាន ចូលរួមពីឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថានយក ចិត្តទុកដាក់ ហើយបានដាក់ចេញ ឲ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស នូវគោលនយោបាយគ្រប់គ្រង សំរាមសំណាល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយ បញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹង នៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមានណសំរាមក្នុងមួយឆ្នាំៗ មានការកើនឡើងប្រមាណ ១៥%ក្នុងមួយឆ្នាំ។ បច្ចុប្បន្ន សំណល់សំរាម ដែលបង្កើតឡើងនៅកម្ពុជា មួយថ្ងៃមានចំនួនប្រមាណជាង ១ម៉ឺនតោន ហើយក្នុងមួយឆ្នាំប្រមាណ ៤ លានតោន។
ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតក៏បាន មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ក្រសួងបរិស្ថាន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈបច្ចេកទេស ដល់រដ្ឋបាលខេត្តកំពតនា ពេលកន្លងមក លើវិស័យបរិស្ថាន ពិសេសការគ្រប់គ្រងសំរាមប្លាស្ទិក និងសំណល់រឹងសំណល់រាវ កាត់បន្ថយបានពីការបំពុលបរិស្ថាន និងការប៉ះពាល់ដល់សុខភាពសាធារណៈព្រមទាំងបង្កើតបាន នូវអនាម័យសោភ័ណភាព និងភាពទាក់ទាញ បានកាន់តែល្អប្រសើរឡើងសម្រាប់ខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តក៏បាន ថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនកូកាកូឡា ហើយសង្ឃឹមថាក្រុមហ៊ុននឹងកាន់តែបង្កើន កិច្ចសហការជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាល ខេត្តកំពតដល់ពេលបច្ចុប្បន្នដែលរដ្ឋបាលខេត្តកំពត បាននឹងកំពុងយកចិត្តទុកដាក់លើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័នានាឲ្យបាន កាន់តែល្អប្រសើរបន្តថែមទៀតក្នុងការ គាំពារវិស័យបរិស្ថាន និងការគ្រប់គ្រងសំរាម ដើម្បីបរិស្ថានស្អាត និងការលើកកម្ពស់សុខភាពសាធារណៈផងដែរ។
លោក អូត ចាន់ឌី នាយកផ្នែកធនធានមនុស្សប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)បានមានប្រសាសន៏ថា៖ «ការនាំយកធុងបែងចែកសំរាម ជូនដល់ខេត្តកំពត និងខេត្តកែបនាថ្ងៃនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ជាសាកលដែលក្រុមហ៊ុន កូកា-កូឡាបាននិងកំពុងអនុវត្ត។ ប្រសិនបើគ្មានការចូលរួម អនុវត្តពីប្រជាពលរដ្ឋ ការផ្តល់ធុងតែមួយមុខមិនគ្រប់គ្រាន់ទេ ក្នុងការសម្រេចឱ្យបាន នូវការបែងចែកសំរាមប្រកប ដោយប្រសិទ្ធភាព។ ដូចនេះក្រុមហ៊ុនសូម លើកទឹកចិត្តឱ្យបងប្អូនទាំងអស់ ចូលរួមបែងចែកសំរាមទាំងអស់គ្នា ដោយចាប់ផ្តើមពីអ្នក!»។ គួរបញ្ជាក់ថាក្រុមហ៊ុនកូកា-កូឡា បាននិងកំពុងអនុវត្តគោលដៅនិរន្តរភាព ក្នុងការប្រមូល និងកែច្នៃសំបកវេចខ្ចប់ឱ្យស្មើ១០០% នៃចំនួនសំបកវេចខ្ចប់ដែលយើង លក់នៅលើទីផ្សារទូទាំងពិភពលោកត្រឹមឆ្នាំ២០៣០។ គោលដៅនិរន្តរភាពនេះ ហៅថា« ពិភពលោកគ្មានសំរាម (WWW-World Without Waste)»៕