សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំង ជួបសម្ដែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សា ការងារក្នុងឱកាស ដែលលោកជំទាវត្រូវចប់បេសកកម្មកាទូតនៅកម្ពុជា។
ក្នុងជំនួបនោះ លោកជំទាវបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែបានដល់ នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនចំពោះលោកជំទាវ។ លោកជំទាវ Eva Nguyen Binh បានគាត់សម្គាល់ឃើញថារយៈពេល០៤ឆ្នាំក្នុងបេសកកម្មកាទូត របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានជួប ពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាពបើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តា សំខាន់ធ្វើឲ្យបេសកកម្មកាទូត របស់លោកជំទាវមកកាន់កម្ពុជា បានទទួលជោគជ័យតាមការកំណត់ នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកជំទាវបានមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេសដែល មានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រង យុទ្ធសាស្ត្រជាក់លាក់ក្នុងការ គ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃ មើលមកកម្ពុជាពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ។ លោកជំទាវបានមានប្រសាសន៍បន្តថា នេះជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលបារាំង ដូចជាវិស័យឯកជនបារាំងនៅ បន្តជាមួយកម្ពុជា ចូលរួមចំណែក ជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍប្រកប ដោយបរិយាបន្ន និងចីរភាព។ លោកជំទាវក៏បានបន្ថែមទៀតថា បារាំងនឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស វិស័យវប្បធម៌ និងការថែរក្សាសន្តិភាព នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
លោកជំទាវក៏បានសម្ដែងនូវការអបអរសាទរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យ ក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់ប្រជាជនកម្ពុជា និងជនបរទេសទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសន្ដានចិត្ត ទឹកចិត្តមនុស្សធម៌ របស់កម្ពុជា ដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតំលៃខ្ពស់ចំពោះ ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះលោកជំទាវ Eva Nguyen Binh ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពក្នុងការបំពេញ បេសកកម្មកាទូតនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័រ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។ សម្ដេចតេជោ ក៏បានជម្រាបជូនលោកជំទាវថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ ដែលរស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលបារាំងដែលតែង តែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើ វិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយ ដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយ ហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។
ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះលោកជំទាវ Eva Nguyen Binh និងសូមជូនពរលោកជំទាវ ឲ្យទទួលបាននូវភាពជោគជ័យ ក្នុងបេសកកម្មរបស់លោកជំទាវ ជាបន្តបន្ទាប់ទៀត៕