ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល

106

 

ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួប សម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារសម្រេច បានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង នៅថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២១ ។

ថ្លែងក្នុងរបាយការណ៍គោរពជូនសម្តេចវិបុលសេនាភក្តីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅកាងារ ឆ្នាំ២០២១ របស់ក្រសួងដែលរួមមាន៖ គម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគត ទាក់ទងនឹងការសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវពីផ្លូវពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូផ្លូវ(AC) ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងនោះរួមមាន៖ គម្រោងសាង សង់ ពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ ៤ ផ្លូវជាតិ លេខ៥ និងបណ្តាញផ្លូវជាតិជាច្រើនទៀត។

បន្ថែមទៅលើគម្រោងសាងសង់ ពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងស្នើសុំ បង្កើតគណៈកម្មការគ្រប់គ្រងដីចំណីផ្លូវ គម្រោងសាងសង់ស្ពានក្រចេះ ការទិញបានគ្រឿងចក្រត្រួតពិនិត្យគុណភាពស្ពាន ការងារសុវត្ថិភាពចរាចរណ៍ បានបង្កើតមណ្ឌលសេវា សាធារណៈដើម្បីបង្ខិតសេវាទៅកៀកនឹងប្រជាពលរដ្ឋ ការចេញបណ្ណបើកបរអន្តរជាតិ សម្រាប់៩៩ប្រទេស បានធ្វើការជាមួយ ក្រសួងសង្គមកិច្ចចេញបណ្ណបើកបរជូនជនពិការ តភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋាន គយ និងពន្ធដារដើម្បីត្រួតពិនិត្យការក្លែងបន្លំពន្ធ និងងាយស្រួលក្នុងការប្តូរកម្មសិទ្ធិយានយន្ត បានដាក់ឱ្យ ដំណើរការសាលាបង្រៀនបើកបរធ្ងន់ធ្ងរ បានដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេស ផ្ទាល់ខ្លួនបានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីរឹតបន្តឹងនិងទប់ស្កាត់ការដឹកជញ្ជូ នលើសទម្ងន់កម្រិតកំណត់ គម្រោង ដាក់ឱ្យដំណើរការកម្មវិធីកាត់បន្ទុកបណ្ណបើកបរតាមរយៈទូរសព្ទដៃ ជាដើម។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ ក្រសួងបានសហការជាមួយទីភ្នាក់ងារ JICAដើម្បីបង្កើតគម្រោងកំពង់ផែPort EDI គម្រោងសាងសង់កំពង់ផែសមុទ្រទឹកជ្រៅ១៤,៥ម៉ែត្រ ត្រៀមនឹងបញ្ចប់ឆ្នាំ២០២៥ គម្រោងពង្រីកកំពង់ផែស្វ័យតក្រុងភ្នំពេញ គម្រោងអភិវឌ្ឍន៍កំពង់ផែទេស ចរណ៍នៅកំពត បានរៀបចំយុទ្ធសាស្ត្រសម្រាប់ ការដឹកជញ្ជូនតាមផ្លូវដែក បានពិភាក្សាជាមួយភាគី វៀតណាមដើម្បីតភ្ជាប់ផ្លូវដែកពីហូជីមិញមកបាវិត-ម៉ុកបៃ បានបញ្ចប់គម្រោងសិក្សាសាងសង់រថភ្លើង Monorailនិងរថភ្លើងក្រោមដី(Subway) ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បានបញ្ចប់ផែនការ មេភស្តុភារកម្មដើម្បីទាក់ទាញវិនិយោគិននិងដើម្បីប្រែក្លាយកម្ពុជាជាកន្លែងស្តុក ទំនិញឆ្លងកាត់ និងជាតំបន់ចែកចាយទំនិញនៅក្នុងតំបន់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនYCH របស់ប្រទេសសឹង្ហបុរីដើម្បី បង្កើតមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងបានបង្កើតផែនការមេសម្រាប់គ្រប់ គ្រងទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើង សុខុមាលភាពសាធារណៈផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ សម្តេចវិបុលសេនាភក្តីបានថ្លែង នូវការកោតសរសើរដោយស្មោះ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី សម្រេចបាន នូវសមិទ្ធផលការងារជាច្រើន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់រាជរដ្ឋាភិបាល ក្នុងកាអភិវឌ្ឍប្រទេសជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាកំពុង ឆ្លងកាត់។
ស្របពេលជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងជួយជំរុញ លើកទឹកចិត្តមន្ត្រីរាជការក្រសួង ឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុង គោលបំណងដើម្បីពង្រឹងនិង ពង្រីកគ្រប់ការងារទាំងអស់ ដើម្បីទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត៕

 

អត្ថបទដែលជាប់ទាក់ទង