ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧកញ៉ាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំករណី ឆបោកលុយ​១០ម៉ឺន​ដុល្លា រឿងរត់ការផ្ទេរ ឈ្មោះតួនាទីប្តី​របស់នាងចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ

54

ភ្នំពេញ៖ លោក ឧកញ៉ា ម្នាក់ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃឃាត់ខ្លួន នៅ​ថ្ងៃ​១៨ មិថុនា ឆ្នាំ២០២១​ ដើម្បីសួរនាំពីដំណើរឿង ឆបោក តាមពាក្យបណ្តឹងរបស់នារីម្នាក់ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ ឧកញ៉ា រូបនោះត្រូវបានឃាត់ខ្លួន នៅក្នុងហាងការហ្វេ និងបូជនីដ្ឋាន TEAM (TEAM Coffee and Restaurant ) ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក្យបណ្តឹងរបស់ស្រ្តីខាងលើ​ដែលប្តឹងចូលទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ ឩសភា ឆ្នាំ ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ជនសង្ស័យបាននិយាយធានារត់ការផ្ទេរ ឈ្មោះតួនាទីប្តី​របស់នាងចេញពីក្របខ័ណ្ឌកងទ័ព ទៅជាក្របខ័ណ្ឌនគរបាលជាតិ ដើម្បីធ្វើជាស្នងការរងខេត្តព្រះសីហនុ ដោយទារប្រាក់រត់ការ៣០ម៉ឺនដុល្លា។ ដោយនិយាយត្រូវគ្នា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២១ អ្នកស្រីនិងស្វាមី បានប្រគល់លុយចំនួន ១០ម៉ឺនដុល្លា រងចាំផ្ទេរឈ្មោះ និងតួរនាទីមានតួរនាទីជា ស្នងការរងជាផ្លូវការទើបប្រគលថែម ២០ម៉ឺនដុល្លាទៀត។

តាមពាក្យបណ្តឹងដដែល ក្រោយទទួលបានលុយសន្យាធារារត់ការផ្ទេរឈ្មោះរួចហើយ ជនសង្ស័យពុំបានធ្វើតាមការសន្យា ហើយបានប្រើលេសមិនចេះចប់មិនចេះហើយ មិនលើកទូរស័ព្ទ មិនតបតាមតេឡេក្រាម ហើយគេចចេញមិនចូលផ្ទះរហូតដល់បច្ចុប្បន្ន។

នៅមិនទាន់មានការបកស្រាយយ៉ាងណាពីឧកញ៉ារូបនោះនៅឡើយទេ​។ ពេលនេះតុលាការសាលាដំបូងរាជធានីភ្នំពេញកំពុងសាកសួរជនសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង