អភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ លិចលង់ នៅក្នុងមូលដ្ឋាន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ទីរជំនាញ និងមន្រ្តីបច្ចេកទេសក្រោមឱវាទ រដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យ ជាក់ស្ដែងអំពីស្ថានភាព កម្ពស់ទឹកនៅតាមភូមិសាស្ត្រ សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
មន្ត្រីជំនាញមន្ទីរសាធារណការ និងមន្ទីរធន់ធានទឹក រាជធានីភ្នំពេញបានឱ្យដឹងថា លោកអភិបាលរាជធានីពិនិត្យ ស្ថានភាពកម្ពស់ទឹកនៅស្ថានីយ៍បូមទឹកស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។រួចបន្តទៅស្ថានភាពកម្ពស់ទឹក នៅស្ថានីយ៍ចតុមុខ ខណ្ឌដូនពេញ និងខណ្ឌចំការមន និងស្ថានភាពកម្ពស់ទឹក នៅព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
នៅល្ងាចថ្ងៃដដែលនេះ លោកអភិបាលរាជធានីភ្នំពេញ បានបានចុះដល់ភូមិព្រែកតាឡុងបីផ្ដល់ជូន នូវផ្លូវបេតុងមួយ ខ្សែប្រវែងជាង១.០០០ម៉ែត្រ ដល់ប្រជាពលរដ្ឋ ដែលរស់នៅ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ផងដែលថា៖ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ +9.7២ នៅសល់ 0.80ម ដល់កំពស់ប្រកាសអាសន្ន +10.50 ។
ពាក់ព័ន្ធបញ្ហាទឹកជំនន់ លោកសាំ ពិសិដ្ឋ បានឱ្យដឹងដែរថា
ក្នុងខណៈពេលនេះ យើងកំពុងប្រឈមទឹកជំនន់ចំនួន ៣ប្រភេទ គឺជំនន់ដោយទឹកភ្លៀង ជំនន់ដោយទឹកទន្លេ និងជំនន់ដោយទឹកស្ទឹងព្រែកត្នោត ។ តំបន់ខ្លះនៃភូមិសាស្ត្រ រាជធានីភ្នំពេញ មានស្ថានភាពដីទាបជាងនីវ៉ូទឹកទន្លេ ប៉ុន្តែរាជធានីភ្នំពេញ មិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់ បានឡើយ និងមានសុវត្ថិភាព ដោយសារមាន ទំនប់ការពារទឹកជំនន់ ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែង ដែលភាគច្រើនជាស្ថានីយ៍ថ្មីមានសមត្ថភាពបូមទឹក កើនជាងមុន ៣ដង៕