ក្រុមជនទុច្ចរិត ក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់ ត្រូវបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនទុច្ចរិត ក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។
បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ពលរដ្ឋ សម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ ។
ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤:០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែង ក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់។
សូមបញ្ជាក់ថា កន្លងមកក្រុមនេះបានធ្វើសកម្មជាចាប់ ពលរដ្ឋសម្លុតយកប្រាក់ច្រើន លើកមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លទ្ធផលនៃកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ៤នាក់: ១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ(មេខ្លោងផ្តើមគំនិត) ។ ២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។ ៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត)។ ៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
វត្ថុតាងចាប់យករួមមាន: ១. រថយន្ត ១គ្រឿង , ២. ម៉ូតូ ២គ្រឿង , ៣. អាវុធខ្លី(ជ័រ) ១ដើម , ៤. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង , ៥. ឯកសណ្ឋាននគរបាល២កំប្លេ , ៦. មួកនគរបាល ១ , ៧. ខ្សែក្រវ៉ាត់នគរបាល ១ , ៨. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន , ៩ . អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន , ១០. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១ , ១១. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក , ១២ . កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក , ១៣ . តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត , ១៤ . កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥) , ១៥ . កាតសម្គាល់អាវុធខ្លី ១សន្លឹក , ១៦. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក , ១៧. កាតចាក់វ៉ាក់សាំង ១សន្លឹក ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕