ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

UNFPA កំពុងពង្រឹងភាពជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា

72


ភ្នំពេញ៖ ក្នុងជំនួបជាមួយតំណាងថ្មីមូលនិធិប្រជាជនអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលទើបជាប់ឆ្នោត នឹងថ្វើការងារឲ្យកាន់តែខ្លាំងខ្លាថែមទៀត ដើម្បីបំពេញសេចក្ដីប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ព្រមជាមួយនេះ នឹងដាក់ចេញនូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។​

ក្នុងឱកាសនោះដែរ តំណាងថ្មីរបស់មូលនិធិប្រជាជនអង្គការសហប្រជាជាតិ UNPFU ប្រចាំនៅកម្ពុជា លោកស្រី Sithy Rizvina De Alwis បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្ដអនុវត្តយុទ្ធសាស្ដ្រចតុកោណ និងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ។

ក្រសួងការបរទេស កាលពីថ្ងៃទី២២ ខែសីហា បានសេចក្តីប្រកាសព័ត៌មាន ពីជំនួបរបស់លោកស្រី Sithy Rizvina De Alwis ជាមួយលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សម្ដែងការគួរសម និងប្រគល់សារតាំង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

សេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកស្រី Sithy Rizvina De Alwis បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានចូលកាន់តួនាទីជាតំណាងថ្មីនៅកម្ពុជា ។ លោកស្រី បានគូសបញ្ជាក់ថា UNFPA បាននិងកំពុងខិតខំពង្រឹងភាពជាដៃគូ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ​លើការងារនេះបន្ដទៀត។ លោកស្រី Sithy Rizvina De Alwis សូមវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបន្តអនុវត្តយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ លោកស្រី បានវាយតម្លៃការផ្តល់ប្រាក់លំហែមាតុភាព រយៈពេល៣ខែ ចំនួន១២០ភាគរយ ថាជាការគិតគូរដ៏ប្រសើររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីពុំធ្លាប់បានឮនៅប្រទេសដទៃទៀតនោះទេ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ UNFPA ដែលបានអនុវត្តកម្មវិធីនានា ដូចជា ការលើកម្ពស់សុខភាពផ្លូវភេទ និងបន្ដពូជ ក្មេងជំទង់ និងយុវវ័យ ផែនការគ្រួសារ ការផ្ដល់អំណាចដល់ស្រ្ដី និងសមភាពយែនឌ័រជាដើម។ លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ថា ការលើកកម្ពស់ដល់ សមភាពយែនឌ័រ ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការឲ្យតម្លៃដល់តួនាទីស្ដ្រីក្នុងសង្គម គឺជាកត្ដាសំខាន់សម្រាប់កម្ពុជា៕​


អត្ថបទដែលជាប់ទាក់ទង