ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុន សែន ផ្ញើសារលិខិត ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

56

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិតក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២១។

សម្តេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែល បានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។ ពលិកម្ម ប្រកបដោយស្មារតីស្នេហាជាតិរបស់វីអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិភាពសង្គមសម្រាប់ព្រះរាជាណា ចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន កម្ពុជា។

សង្គ្រាមដែលបង្កឡើងដោយជនក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចឱ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុកនូវអតីត យុទ្ធជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន។ ចាប់តាំងពីក្រោយ រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជនពាក់ព័ន្ធនានា បានផ្ដល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខ្ញុំសូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជាដែលបានពលីជីវិត ដើម្បីបុព្វហេតុ ជាតិ មាតុភូមិ និងប្រជាជន និងសូមផ្តាំផ្ញើនូវការសួរសុខទុក្ខប្រកបដោយក្តីស្រឡាញ់ជូនចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងគ្រប់ក្រុមគ្រួសាររបស់បងប្អូនដែលបាននឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សម្រាំក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍ។

បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០១ ២៨៧ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥១ ០០៧ នាក់ កំពុងទទួល ប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលបានដំឡើងប្រាក់របបសន្តិសុខ សង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវ បន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែរបស់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកង កម្លាំងប្រដាប់អាវុធផងដែរ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បី ធានាបានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង ២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ(ប.ស.ស.) ដោយមិន បាច់បង់ប្រាក់។

ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីត យុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ ភ្នំឆត នៅខេត្តបន្ទាយមានជ័យ។ ទន្ទឹមនឹងនេះផងដែរ សមាគមអតីតយុទ្ធជនកម្ពុជា និងសម្បុរសជននានា បានកសាងផ្ទះរាប់ ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍។

សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននឹងកំពុងបំពេញ តួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតីសាមគ្គីភាពជួយគ្ន ទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ សម្តេចតេជោ សូមសម្ដែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្ដល់ការគាំទ្រដល់អតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅបំផុត។

សម្តេច ហ៊ុន សែន សូមថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជន ទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណៈ ដែលក្រីក្រលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។ ទឹកចិត្តនឹងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសខួបលើកទី១៤ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្តេចតេជោ សូមអំពាវនាវ ដូចតទៅ៖

ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់ជាតិ មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការ លះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទីស្នេហានៃយើង។

ទី២- គ្រប់ក្រសួងស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូនអតីត យុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើក ទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។

ទី៣- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និងសារលិខិតរបស់ រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធនឹងវិស័យអតីតយុទ្ធជន ឱ្យសាធារណជនជាតិ និងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយបន្ថែមទៀត។

ទី៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវការផ្ដល់ សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជននៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារដូចដែលបានបញ្ចូលក្នុង ផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

ទី៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្ដល់សម្បទានដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទី៦- ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយឧបត្ថម្ភ គាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែលកំពុងជួបប្រទះការ លំបាក។

ទី៧- សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីនៃសេចក្តី សម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវ ស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង