ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោងសាងសង់ ស្ថានីយបូមទឹក នៅមុខCDC សម្រេចបាន៩៥ភាគរយ គ្រោងបញ្ចប់នៅខែសីហាខាងមុខនេះ

64

 

ភ្នំពេញ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ជាប់ដងទន្លេសាប ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ការស្ថាបនាមកដល់ពេលនេះ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១នេះ ដែលអាចបូមរំដោះទឹកភ្លៀង ចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាង
កើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានី ភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២១មិថុនានេះថា ៖គម្រោងសាងសង់ស្ថានីយបូមទឹកមុខCDC ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន(ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉នហៅ ចៃកា )ក្រុមការងារបានអនុវត្តការងារ ជិតរូចរាល់ហើយ ពោលគឺមិនដល់២ខែទៀតទេ ស្ថានីយបូមទឹកមួយនេះ នឹងរួចរាល់ជាស្ថាពរ ដោយគិតត្រឹមថ្ងៃទី១៨ មិថុនានេះ ការងារខួងដាក់បំពង់លូកាត់យកទឹកកខ្វក់ពីស្ថានីយបូមទឹកមុខCDCនេះ ដល់ផ្លូវលេខ៧០ មានទំហំមុខកាត់៨០០មីលីម៉ែត្រ ប្រវែង១៥៤០ម៉ែត្រ សាងសង់រួច១០០ភាគរយហើយ។
ការងារសាងសង់អាងស្តុកក្រោមដីមុខCDC មានចំណុះ ៦៥០០ម៉ែត្រគូប។ ការងារសាងសង់ស្ថានីបូមទឹក មានសមត្ថភាព ១,៤ ម៉ែត្រគូប ក្នុង១វិនាទី។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ៖ស្ថានីយបូមទឹកមុខCDC បានចាប់ដំណើរការសាងសង់ ពីខែមិថុនា ឆ្នាំ២០១៩ សម្រេចបាន៩៥ភាគរយហើយ គ្រោងបញ្ចប់ នៅខែសីហាឆ្នាំ២០២១ ។
លោកបន្តថា៖ស្ថានីយនេះ អាចបូមរំដោះទឹកភ្លៀង ចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងកើតមហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វា។
ស្ថានីយបូមទឹកមុខCDC គឺជាស្ថានីយបូមទឹកមួយស្ថិត ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ របស់ទីភ្នាក់ងារអភិវឌ្ឍន៌អន្តរជាតិជប៉ន ហៅចៃកា ប្រទេសជប៉ុនផងដែរ។
គួរបញ្ជាក់ថា ៖គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី០៤ របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។
ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រឡាយលូក្នុង តំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

អត្ថបទដែលជាប់ទាក់ទង