សមត្ថកិច្ចអនុវត្តដីកា ចាប់ឧត្តមសេនីយ៍ម្នាក់ ករណីឆបោកប្រាក់ រត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ
កណ្តាល ៖ លោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧត្តមសេនីយ៍ម្នាក់ ករណីឆបោកប្រាក់ រត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ជាង២ម៉ឺនដុល្លារ។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នំា២០២១នេះ សមត្ថកិច្ចអនុវត្តដីកាឃាត់ខ្លួនលោកឧត្តមសេនីយ៍ ហង្ស វណ្ណៈ អាយុ៤១ ដែលជា មន្ត្រីនគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ទោ បម្រើការងារនៅក្រសួងមហាផ្ទៃ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ហង្ស វណ្ណៈ ត្រូវបានចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅចំណុចស្ថានីយ៍ ប្រេងឥន្ទនៈសូគីមិច លើមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដែលបទល្មើសព្រហ្ម ទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីទោ ហង្ស វណ្ណៈ បានរងនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់ ដែលប្តឹងចោទប្រកាន់ថា បានយកលុយគេចំនួ ន ២២ ០០០ ដុល្លារ ទៅរត់ការចូលបម្រើការងារជាមន្ត្រីនគរបាលជាតិ ប៉ុន្តែមិនបានសម្រេចតាមការសន្យា ពោលគឺស៊ីដាច់ប្រាក់ជាង២ម៉ឺនដុល្លារនោះ នឹងថែមទាំងគេចវេសន៍មិនជួយដោះស្រាយជាមួយម្ចាស់ប្រាក់ទៀតផង ទើបគេប្ដឹងមកតុលាការ៕