ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន

62

 

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ នៅស្នាក់ការកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

សមាសភាពគណៈប្រតិភូអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីភាគីមិត្តចិនក្នុងជំនួបនេះរួមមាន៖ ឯកឧត្តម XU Chengguang ប្រធានគ្រប់គ្រងផែនការនគរូបនីយកម្ម ឯកឧត្តម Li Yang អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក SHI Jun អគ្គនាយករងទទួលបន្ទុកបុគ្គលិក និងអប់រំ និងលោក Wang Tai អគ្គនាយករងផ្លូវហាយវ៉េ។

អង្គប្រជុំបានពិភាក្សាលើការចូលរួមសន្និសីទស្តីពីការដឹកជញ្ជូនប្រកបដោយចីរភាពជាសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៉េកាំង ប្រទេសចិន ការកសាងសមត្ថភាព នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រវែង ១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% គិតត្រឹមថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ មុនការគ្រោងទុករយៈពេល៦ខែ ការសម្ពោធដាក់ឱ្យដំណើរការទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានតេជោ សែន សាធារណការ និង ដឹកជញ្ជូន ដែលជាមជ្ឍមណ្ឌលបណ្តុះបណ្តាលវិស្វករកម្ពុជាលើមុខជំនាញបច្ចេកទេសឱ្យចេះសាងសង់ផ្លូវ ស្ពានប្រកបដោយគុណភាពរឹងមាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបផងដែរអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន (ATM) ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបន្ថែមថា ឯកឧត្តមទេស រដ្ឋមន្ត្រីចង់ឃើញការរៀបចំកិច្ចប្រជុំនេះដោយផ្ទាល់នៅខេត្តសៀមរាប ហើយគណៈប្រតិភូ ដែលត្រូវចូល រួមទាំងអស់ តម្រូវឱ្យទទួលការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំការគាំទ្រ និងជំនួយលើវិស័យក៏ដូចជាមុខជំនាញជាច្រើនពីខាងមិត្តចិន ជាពិសេសផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេសតាមរយៈអនុស្សារណៈកិច្ចសហប្រតិបត្តិការចិនកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដូចជា កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម។

តបតាមការអញ្ជើញពីមិត្តចិន ឯកឧត្តមទេសរដ្ឋមន្ត្រី បានយល់ព្រមចូលរួមសន្និសីទស្តីពីការដឹកជញ្ជូន ប្រកបដោយចីរភាពសាកល នៃអង្គការសហប្រជាជាតិលើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៤-១៦ ខែតុលា ឆ្នាំ២០២១ ហើយឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញឯកឧត្តម Li Xiaopeng ឱ្យចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន(ATM)ផងដែរដើម្បីយកឱកាសនេះមក ទស្សនកិច្ចគម្រោងសាងសង់ផ្លូវល្បឿនលឿនកម្ពុជា ហើយជាការឆ្លើយតបភាគីចិនបានយល់ព្រមតាមការអញ្ជើញនេះ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម Li Xiaopeng ដែលបានជម្រាបជូនអំពីវិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេស ចិនមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង