ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំង ចុះរុះរោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ
ខេត្តកណ្តាល ៖ ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំនគរបាល និងប្រជាការពារ ចុះរុះរោងចាំដីតូច ធំ និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ លេីដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅលេីទីតាំងចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
នៅព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំ លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ចុះការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្របសម្រួលដោះស្រាយ ក្រោមការដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងមានការចូលរួមពី អយ្យការអមសាលាដំបូងខេត្តកណ្ដាល រដ្ឋបាលស្រុកស្អាង-កៀនស្វាយ និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តន៍សេចក្ដីជូនដំណឹង លេខ៥១២សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់សាលាខេត្តកណ្ដាល ក្នុងការចុះរុះរេី រោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដី ដោយអាណាធិបតេយ្យ ក្នុងលិខិតលេខ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្ថិតនៅភូមិសាស្រ្ដស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
តាមការពិនិត្យជាក់ស្ដែងឃេីញថា នៅលេីទីតាំងចំណុចភូមិក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ មានដូចជា៖ -រោងចាំដីធំ ចំនួន១១រោង -រោងបហា(តូច) ចំនួន១៥រោង -ដំណាំចេក ស្វាយ ចំនួនប្រមាណ២៥០ដេីម -ដំឡូងឈេីចំនួនប្រមាណ១០០គុម្ព -អណ្ដូងស្នប់០១អណ្ដូង -អំពូលសូឡាចំនួន១៣ដេីម -របងឈេីប្រមាណ១០០ម៉ែត្រ -បង្គោលបោះព្រំដីប្រមាណ១២០០បង្គោលពេលចុះដល់ទីតាំងបានឃេីញក្រុមប្រជាជនប្រមាណ៦០នាក់ ហេីយក៏បាននាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនបន្ទាប់ពីគណៈកម្មការធ្វេីការណែនាំ។
ក្រុមការងារបានចុះអនុវត្តន៍រុះរេីសរោងចាំដីដោយប្រេីប្រាស់ ៖ -អេស្កាវ៉ាទ័រ០១គ្រឿង -គោយន្ដច្នៃចំនួន០២គ្រឿង -ត្រាក់ទ័រចំនួន០២គ្រឿង -ប្រជាការពារចំនួន៥០នាក់។ ក្នុងនោះមានក្រុមប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរេីរោងដោយខ្លួនឯងចំនួន០៥រោង។
ជារួមការចុះអនុវត្តន៍សេចក្តីជូនដំណឹងនេះ ពុំមានការតវ៉ាអ្វីគួរអោយកត់សម្គាល់នោះទេ។
ក្រុមការងារបានរុះរោងលេីដីដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចរាល់ ចំនួន២១ម្ចាស់កម្មសិទ្ធិ ហើយបានឲ្យម្ចាស់ដី ដែលបានចូលរួមទាំង២១នាក់ ត្រូវការពារថែរក្សាគ្រប់គ្រងដីរបស់ខ្លួ នចាប់ពីពេលនេះទៅ៕