ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ និងស្ថានទូតបារាំង មានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងការងារពាក់ព័ន្ធនឹងនគរបាល និងរដ្ឋបាលស៊ីវិល

31

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក ជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកជំទាវនឹងត្រូវបញ្ចប់អាណិត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានយកឱកាសនេះ បញ្ជាក់ពីការដង្ហែរ តាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងចូលរួមជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា របស់រាជរដ្ឋាភិបាល ក្នុងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបំពេញបេសកកកម្មការទូតរយៈពេល៤ឆ្នាំរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា ដែលលោកជំទាវបានជួយ ជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ទន្ទឹមគ្នានេះដែរ កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថានទូតបារាំងក៏ មានលទ្ធផលល្អប្រសើរផងដែរ ទាំងនៅក្នុងការងារពាក់ព័ន្ធនឹងនគរបាល ការងារពាក់ព័ន្ធនឹងរដ្ឋបាលស៊ីវិល ជាពិសេសកិច្ចសហប្រតិបត្តិការទៅលើការងារ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ជាមួយគ្នានេះ ក្នុងនាមសម្ដេចផ្ទាល់ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមថ្លែងអំណរគុណ​តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូតជូនចំពោះរដ្ឋាភិបាលបារាំង ដែលបានជួយគាំទ្រដល់ពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង ទាំងការរស់នៅបំពេញការងារ សិក្សារៀនសូត្រ និងពលរដ្ឋបារាំងដើមកំណើតខ្មែរ ដែលរដ្ឋាភិបាលបារាំងបានជួយគាំទ្រ ដល់ពួកគេសម្រាប់ការស្នាក់នៅ បំពេញភារកិច្ចផ្សេងៗយ៉ាងល្អប្រសើរនៅទីនោះ។

ជាការឆ្លើយតបលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង បានសម្ដែងការឯកភាពចំ ពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោម ស ខេង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលស្ថានទូតបារាំងក្នុងអាណត្តិរបស់លោកជំទាវ៤ឆ្នាំមកនេះ តែងតែមានការផ្ដល់នូវ កិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ តាមរយៈការជួយជ្រោមជ្រែង និងសម្រួលការងារពាក់ព័ន្ធនឹងពលរដ្ឋបារាំងដែលជួបបញ្ហា និងការលំបាកនានានៅកម្ពុជា។ លោកជំទាវក៏បានឯកភាព និងវាយតម្លៃខ្ពស់ លើការងារប្រយុទ្ធប្រឆាំងនឹង ផលិតផលក្លែងក្លាយ ដោយលោកជំទាវបានលើកឡើងថា ក្រសួងមហាផ្ទៃតែងតែឆ្លើយតបយ៉ាងល្អប្រសើរ ទៅនឹងសំណូមពរផ្សេងៗ របស់ស្ថានទូតបារាំងពាក់ព័ន្ធទៅនឹងបញ្ហានេះ។

នៅក្នុងឱកាសនេះជំនួបនេះដែរ លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ក៏បានលើកឡើង នៅកិច្ចការចំនួន២ ជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ទីមួយ គឺការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ និងការងារទីពីរ ពាក់ព័ន្ធចាប់ខ្លួនសកម្មជនបរិស្ថាន ចំនួន៣រូបកាលពីពេលថ្មីៗនេះ។ ពាក់ព័ន្ធនឹងបញ្ហាទាំងពីរនេះ លោកជំទាវបានស្នើសុំព័ត៌មាន និងការយល់ឃើញ បន្ថែមពីសម្ដេចក្រឡាហោម។

ពាក់ព័ន្ធនឹងបញ្ហាឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនលោកជំទាវថា ពិតមានការឆ្លងជំងឺនេះ ក្នុងពន្ធនាគារក្នុងរយៈពេលកន្លងមក និងថាក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ដោយពេលនេះបានទទួលជោគជ័យ។ សម្ដេចក៏បានជម្រាបជូនថា មានវិធានការសំខាន់ៗមួយ ចំនួនត្រូវបានអនុវត្ត និងកំពុងពិចារណាអនុវត្ត ក្នុងនោះរួមមានការធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ និងការញែកអ្នកមានជំងឺ និងអ្នកគ្មានជំងឺឱ្យនៅដាច់ដោយឡែក ហើយក្រសួងមហាផ្ទៃ ក៏បានយកចិត្តទុកដាក់ទាំងចំពោះអ្នកជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនាគារនេះដែរ ចំពោះករណីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ បានធ្វើកិច្ចសហការយ៉ាងល្អ ជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញដល់ការព្យាបាល ទាន់ពេលវេលា និងថាជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បាន និងកំពុងធ្វើការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងណាអាចជួយសម្រួល ដល់ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ ក្នុងគ្រាប្រឈមនឹងជំងឺកូវីដ-១៩។ ជារួមពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាទទួល បានជោគជ័យយ៉ាងល្អប្រសើរ និងធ្វើឱ្យចំនួនគ្រោះថ្នាក់មានតិចបំផុត។

ចំពោះការចាប់ខ្លួនសកម្មជន៣រូប សម្ដេចក្រឡាហោម បានជម្រាបជូន លោកជំទាវឯកអគ្គរដ្ឋទូតបារាំងថា សម្ដេចយល់ពីបញ្ហានេះ ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច មានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែលពួកគេ បានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងបានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានពាក់ព័ន្ធទៅ និងករណីខាងលើនេះ និងបានជម្រាបជូនសម្ដេចក្រឡាហោមថា មុននឹងបញ្ចប់អាណត្តិការទូតនៅកម្ពុជា លោកជំទាវសូមអះអាងថា ឯកអគ្គរដ្ឋទូតបារាំងដែលនឹងបន្តអាណត្តិក្រោយ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងជូនពរលោកជំទាវ សម្រេចបានជោគជ័យក្នុងការបំពេញបេសកកម្មបន្តបន្ទាប់ និងថាសម្ដេច ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃត្រៀមខ្លួនជានិច្ច ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលកន្លងមក រវាងភាគីទាំងពីរជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ៕

អត្ថបទដែលជាប់ទាក់ទង