ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

28

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូសន្និសីទZoom នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក Vitit Muntarbhorn គឺជាជនជាតិថៃ និងទើបត្រូវបានតែងតាំងជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅ កម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបាន ចូលកាន់តួនាទីអ្នករាយការណ៍ពិសេស ជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

ជំនួបរវាងសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងVitit Muntarbhorn ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរាជទូត តំណាងបេសកម្មអចិន្រ្តៃយ៍ កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀត។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងក្ដីរីករាលចំពោះ ឯកឧត្តម Vitit Muntarbhorn ដែលត្រូវបានតែងតាំង ជាអ្នករាយករណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងមានក្ដីសង្ឃឹមថា ផ្អែកលើបទពិសោធន៍ និងចំណេះដឹង ឯកឧត្តមនឹងបន្តរួមចំណែក និងផ្ដល់កិច្ចសហការល្អ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ដើម្បីបង្កលក្ខណៈដល់ការបំពេញតួនាទី ឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេស ក៏ដូចជាការបំពេញតួនាទីរបស់កម្ពុជា ចំពោះកាតព្វកិច្ចអន្តរជាតិ លើវិស័យសិទ្ធិមនុស្សប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តម Vitit Muntarbhorn បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ព្រមទាំងយកឱកាស នៃជំនួបលើកដំបូងនេះ ក្នុងតួនាទីជាអ្នករាយការណ៍ពិសេស ដើម្បីជម្រាបជូនសម្ដេចអំពីប្រវត្តិខ្លះៗ រួមទាំងប្រវត្តិការងារសំខាន់ៗរបស់ឯកឧត្តម។ ឯកឧត្តមបានជម្រាបជូនសម្ដេចទៀតថា ក្នុងនាមជាអ្នកស្រាវជ្រាវមួយរូប ឯកឧត្តមបានធ្វើដំណើរមក កាន់ប្រទេសកម្ពុជាជាច្រើនលើក និងបានបន្តថា នៅក្នុងអាណត្តិការងាររបស់ឯកឧត្តម ជាអ្នករាយការណ៍ពិសេសនេះ ឯកឧត្តមមានក្ដីសង្ឃឹមថា នឹងអាចបន្តនូវកិច្ចសន្ទនាដោយត្រង់ ទៅត្រង់មកជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបណ្ដាភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ដែលជាក្ដីកង្វល់រួមប្រកបដោយការស្ថាបនា។

នៅក្នុងឱកាសនៃជំនួបនេះដែរ ឯកឧត្តមក៏បានលើកឡើងនូវប្រធានបទចំនួន៤ ដើម្បីស្នើសុំកិច្ចពិភាក្សាជាមួយសម្ដេចក្រឡាហោម រួមមាន ទិដ្ឋភាពរួម ឬទិដ្ឋភាពទូទៅ នៃជំងឺកូវីដ-១៩នៅកម្ពុជា ទី១ស្ថានភាព នៅក្នុងពន្ធនាគារ, ទី២ លំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs និងទី៣វិធានការឆ្លើយតប បន្តបន្ទាប់ទៀតនៅក្រោយស្ថានភាពជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងទិដ្ឋភាពជារួមនៃជំងឺកូវីដ-១៩នៅកម្ពុជា ឯកឧត្តមក៏បានជម្រាបសម្ដេចថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការមួយចំនួនដើម្បីបង្ការទប់ស្កាត់ ការរីករាលនៃជំងឺនេះ ទន្ទឹមនោះក៏មានការដាក់ ចេញគោលនយោបាយសង្គម ដើម្បីជួយគាំទ្រដល់ប្រជាជន និងអ្នកដែលទទួលរងផល ប៉ះពាល់ដោយសារវិបត្តិនៃជំងឺនេះ។

ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេក្រឡាហោម បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ ខ្ពស់ដោយបានដាក់ចេញនូវយន្តការ និងវិធានការមួយចំនួនជាបន្តបន្ទាប់រហូតដល់ពេលនេះ ក្នុងនោះមានការបន្តជំរុញ ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង របស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ ការជំរុញយទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការអនុវត្តការ បិទខ្ទប់តំបន់មួយចំនួន តាមរយៈការដាក់ចេញវិធានការបង្រួម ភូមិសាស្រ្តមានហានីភ័យ ដូចជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការការឆ្លងរីករាលដាលជំងឺផង និងកាត់បន្ថយផលប៉ះពាល់ ឱ្យបានជាអតិប្បមារទៅលើជីវភាព ពលរដ្ឋដែលមិនស្ថិតនៅក្នុងតំបន់ហានីភ័យ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការ ផ្ដល់ជំនួយសង្គមមិច្ចដើម្បីជួយសម្រួល ដល់ប្រជាពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារជំងឺនេះផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពពន្ធនាគារ ឯកឧត្តម Vitit Muntarbhorn ក៏បានជម្រាបជូនសម្ដេចដែរថា ឯកឧត្តមក៏បានដឹងអំពី បញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជាពិសេសនៅក្នុងស្ថានភាពនៃជំងឺកូវីដ-១៩នេះ ឯកឧត្តមក៏ចង់ស្វែងយល់បន្ថែម អំពីវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។

ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចក្រឡាហោម បានជម្រាបជូនថាជាក់ស្ដែងក្រៅតែពីការខិតខំបន្តកសាង និងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែន បច្ចុប្បន្ននេះក្រសួងមហាផ្ទៃ កំពុងអនុវត្តវិធានការមួយចំនួនទៀត ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងស្ថានភាពកូវីដ-១៩ ក្នុងនោះក្រសួងមហាផ្ទៃកំពុងសហការ ជាមួយក្រសួងយុត្តិធម៌ដើម្បីពិនិត្យស្ថានភាព អ្នកជាប់ឃុំថាតើគួរតែអនុវត្តនូវការដោះលែងឬក៏អនុញ្ញាត ឱ្យនៅក្រៅឃុំទៅបទល្មើសស្រាលៗ មួយចំនួន ដូចជាអ្នកទោសជិតរួចទោស និងអ្នកដែលប្រព្រឹត្តទបល្មើសស្រាល តាមរយការដាក់ឱ្យនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យដោយតុលាការ។

សម្ដេចបានបន្តថាជាមួយគ្នានេះដែរ ក្រសួងមហាផ្ទៃក៏បាននិងកំពុងសហការគ្នាយ៉ាងល្អជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញការព្យាបាលឱ្យទាន់ ពេលវេលាចំពោះរាល់ ករណីដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ក្នុងពន្ធនាគារ និងបានសហការក្នុង ការចាក់វ៉ាក់សាំងដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំ ក៏ដូចជាបានធ្វើតេសរហ័ស ដើម្បីមានវិធានការទាន់ពេល វេលាក្នុងការញែកអ្នកមានជំងឺចេញ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលឱ្យបានទាន់ពេលវេលា និងរួមចំណែកថែរក្សាបានសុខភាព ទាំងជនជាប់ឃុំ និងមន្រ្តីអនុរក្សពន្ធនាគារ ដោយកិច្ចការនេះបានអនុវត្តយ៉ាងល្អប្រសើរ។

ចំពោះលំហរប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់NGOs សម្ដេចក្រឡាហោមបានជម្រាបជូនថាជារួម រាជរដ្ឋាភិបាលតែងតែចាត់ទុក សង្គមស៊ីវិលជាដៃគូ និងបានធ្វើការជាមួយគ្នាជាច្រើន មកហើយដែរ ជាពិសេទៅលើសំណើរធ្វើកំណែទម្រង់ច្បាប់NGOsនេះ ដោយសម្ដេចបានជំរុញ និងលើកទឹកចិត្តដល់ភាគីទាំងពីរ ទាំងភាគីតំណាងរាជរដ្ឋាភិបាល និងតំណាងNGOs រួមទាំងភាគីពាក់ព័ន្ធបន្ត រកឱកាសជជែកពិភាក្សាគ្នា និងមានកិច្ចសន្ទនា ជាបន្តទៀតទោះបីជាស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ក៏ដោយ ដើម្បីជំរុញការងារពាក់ព័ន្ធនឹង សំណើរកែទម្រង់ច្បាប់នេះ។ សម្ដេចបានចាត់ទុកថានេះគឺជាឧទាហរណ៍ ជាក់ស្ដែងមួយនៃការចូលរួម លើកម្ពស់លំហរប្រជាធិបតេយ្យនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិធានការឆ្លើយតបបន្តបន្ទាប់នៅក្រោយជំងឺកូវីដ-១៩ សម្ដេចក្រឡាហោមបានជម្រាប អ្នករាយការណ៍ពិសេសថា ជាការពិតនៅលើភពលោកនេះ និន្នាការនៃការឆ្លងជំងឺកូវីដ-១៩ តួលេខមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាពុំទាន់ មានសភាពធូរស្រាលនៅឡើយទេ ហើយសម្រាប់វិធានការបន្តបន្ទាប់ទៀត ដើម្បីស្ដារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩នេះ ក៏រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូផងដែរ ទោះបីជាពុំមាននរណាម្នាក់  ដឹងថាជំងឺកូវីដ-១៩នឹងបញ្ចប់នៅពេលណាក៏ដោយ។

ឯកឧត្តម Vitit Muntarbhorn បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ចំពោះកិច្ចសន្ទនា និងការផ្ដល់ជូនព័ត៌មានដ៏មានសារៈសំខាន់ ទៅលើប្រធានបទទាំង៤ដែលឯកឧត្តមបានស្នើសុំពីខាងដើម និងបានចាត់ទុកថាជាមូលដ្ឋានដ៏សំខាន់បន្ថែម សម្រាប់ឯកឧត្តមក្នុងនាមជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជានាអាណត្តិថ្មីនេះ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម Vitit Muntarbhorn បានសម្ដែងនូវក្ដីសង្ឃឹមចំពោះ កិច្ចសហការល្អទៅវិញទៅមកប្រកបដោយភាបស្ថាបនា ដោយក្នុងនោះសម្ដេចក្រឡាហោម បានជម្រាបជូនថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុង ការចូលរួមអនុវត្តនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងភាគីទាំងពីរឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ឯកឧត្តម Vitit Muntarbhorn គឺជាជនជាតិថៃ និងទើបត្រូវបានតែងតាំង ជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ ឯកឧត្តមបាន ចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។

ជំនួបរវាងសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Vitit Muntarbhorn ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរាជទូត តំណាងបេសកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងហ្សឺណែវ ឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង