ស្តារប្រឡាយម័ល រំដោះជំនន់ទឹកភ្លៀង ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជិត១០០គ្រាប់ ក្នុងបាតប្រឡាយហើយបានប្រគល់ជូនស៊ីម៉ាក់
ភ្នំពេញ៖ គ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ទុកកាលពីសម័យសង្គ្រាមចំនួនជិត១០០គ្រាប់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញប្រទះឃើញ ខណៈដែលក្រុមការងារ នៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ធ្វើសកម្មភាពជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ ហើយបានប្រទះឃើញគ្រាប់ទាំងនេះនៅបាតប្រឡាយ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី២៤មិថុនានេះថា ក្រោមការណែនាំរបស់ លោកឃួង ស្រេង. អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បាននឹងកំពុងធ្វើសកម្មភាព ស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ហើយបើគិតមកដល់ថ្ងៃទី២៤ មិថុនានេះ ការងារស្តារប្រឡាយម័រ សម្រេចបាន១៦០០ម៉ែត្រហើយ ស្មើនឹង៥៩,៩ភាគរយ ដែលគ្រោងនឹងបញ្ចប់ នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយ ជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ៖ប្រឡាយម័រនេះពិតជាមាន តួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹក ពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះ នៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ និងខណ្ឌមានជ័យ ។
អាជ្ញាធររាជធានីភ្នំពេញ បើទោះបីរាជធានីភ្នំពេញ បាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសកម្មភាពស្តារ និងអភិវឌ្ឍមូលដ្ឋាន រាជធានីនៅតែបន្តដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩៕