ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖ គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពគុណភាពសម្បទានិកកាន់តែប្រសើរ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាព គុណភាពជីវិតសម្បទានិកកាន់តែប្រសើរ។ ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង ដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ឬ LASED III។
កត្តាដែលអាចជួយកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាព គុណភាពជីវិតសម្បទានិកកាន់តែប្រសើរ ក៏ព្រោះតែគម្រោង LASED III នេះមិនត្រឹមតែផ្ដល់ដីមិនត្រឹមតែផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់សង់លំនៅដ្ឋានដល់ប្រជាពលរដ្ឋក្រីក្រតែមួយមុខនោះ តែថែមទាំងផ្ដល់នូវដីសម្បទានសង្គមកិច្ចសម្រាប់បង្ករបង្កើនផលផងដែរ។
បន្ថែមពីលើនេះ គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ដោយមានការឥណទានពិភពលោក និងរដ្ឋាភិបាលនៃប្រទេសកម្ពុជា ក៏មានការបណ្ដុះបណ្ដាលប្រជាពលរដ្ឋ លើវិស័យកសិកម្ម ផ្ដល់ពូជសត្វ ពូជបន្លែ បង្កើតទីផ្សារ សាលារៀន មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការបណ្ដុះបណ្ដាលប្រជាពលរដ្ឋពីការសន្សំប្រាក់ និងផ្ដល់មូលនិធិសម្រាប់អភិវឌ្ឍន៍សហគមន៍ ដែលជាដើមទុនចាំបាច់សម្រាប់ការងារកសិកម្ម និងសិប្បកម្មថែមទៀតផង។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានបន្ថែមទៀតថា ចំណុចពិសេសរបស់គម្រោងបែងចែកដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III នេះ គឺការគិតគូរពីជីវភាពរបស់បងប្អូនជនជាតិដើមភាគតិច។ គម្រោងនេះ នឹងផ្ដល់កញ្ចប់ថវិកាសម្រាប់គាំទ្រលើការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការរៀបចំដីបម្រុងសម្រាប់បង្កើតសហគមន៍ព្រៃឈើ និងការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ ដែលជាឧបករណ៍ចាំបាច់សម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាព។
ការផ្ដល់នូវដីសម្បទានស្របច្បាប់ និងមានការចូលរួមជួយបណ្ដុះបណ្ដាល សម្បទានិកបែបនេះ ត្រូវបានលោកឧបនាយករដ្ឋយល់ឃើញថា ជាផ្នែកមួយក្នុងការលុបបំបាត់ ការទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ពីសំណាក់ ប្រជាពលរដ្ឋមួយចំនួន។ ប៉ុន្តែទន្ទឹមគ្នានេះ អង្គភាពអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក ត្រូវអនុវត្តគម្រោងនេះឲ្យបានត្រឹមត្រូវ តាមបែបផែននិតិវិធីនៃកម្មវិធីសម្បទានដីសង្គមកិច្ច ដូចបានកំណត់នៅក្នុងអនុក្រឹត្យលេខ ១៩ អនុក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្ដីពីសម្បទានដីសង្គមកិច្ច ព្រមទាំងលិខិតបទដ្ឋាន និងគោលការណ៍ណែនាំជាធរមាន។
សូមបញ្ជាក់ថា គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលមានថវិកាសរុបចំនួន១០៧លានដុល្លារ ក្នុងនោះឥណទានធនាគារ ពិភពលោកមានចំនួន៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានចំនួន១៤លានដុល្លារ ដែលត្រូវអនុវត្តគម្រោងដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល៦ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦។
គម្រោងនេះធ្វើនៅក្នុងទីតាំងសរុបចំនួន៧១ទីតាំង ក្នុងនោះ២៦ទីតាំង សម្រាប់ការងារសម្បទានដីសង្គមកិច្ច និង៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិចដែលមានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិចមានចំនួន ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុបចំនួន៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិចមានចំនួន១ ៥០០គ្រួសារ។
គម្រោងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច LASED III ផ្ដោតសំខាន់ទៅលើការងារចំនួន៥ចំណុច ក្នុងនោះរួមមាន៖ ការងារសម្បទានដីសង្គមកិច្ច ការចុះបញ្ជីដីសហគមន៍ជនមជាតិដើមភាគតិច ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ និងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាព រស់នៅរបស់អ្នកទទួលផលពីគម្រោង៕