ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកកែវ រ៉េមី ស្នើសុំឱ្យអ្នករាយការណ៍ពិសេស ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម

44

ភ្នំពេញ៖ លទ្ធផលជំនួបលើកដំបូង រវាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មីទទួល បន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

នៅវេលាម៉ោង៣រសៀលនេះ លោក កែវ រ៉េមី បានជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត មុនតាប៊ន តាមប្រព័ន្ធអនឡាញ ដោយផ្តោតលើចំណុចសំខាន់ចំនួន៣៖

១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍ សិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់ និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាព សិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើត ស្ថាប័នសិទ្ធិមនុស្សជាតិ។

២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺនិងបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលក្នុងការដាក់ ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារ អាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាព នយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ពលរដ្ឋដែល រងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការ ដូចគ្នានេះនៅ បណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់ សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។

៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាព នៃដំណើការទទួល ពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើត និងធ្វើសកម្មភាពដោយ សេរីរបស់បក្សនយោបាយនិង សង្គមស៊ីវីល ដែលត្រូវស្ថិត ក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់ លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួន ដែលបំពានច្បាប់ នាពេលកន្លងមក មិនមែនជាការរំលោភ សិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញ ជាការអនុវត្តនីតិរដ្ឋ។
នៅទីបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការ បន្តកិច្ចសហការនិង កិច្ចសន្ទនាគ្នាលើវិស័យ សិទ្ធិមនុស្ស ហើយលោកកែវ រ៉េមី ក៏បានស្នើសុំផងដែរ ឱ្យអ្នករាយការណ៍ពិសេស ធ្វើរបាយការណ៍ និងផ្តល់អនុសាសន៍ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង